រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាចំបាប់កម្ពុជាបានដាក់ចេញផែនការសកម្មភាពច្បាស់លាស់ដើម្បីពង្រឹងក្រុមជម្រើសជាតិឲ្យមានគុណភាពខ្ពស់សម្រាប់ការត្រៀមដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ឲ្យបានកាន់តែច្រើន នៅពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោក ខេស៊ី បាណេត អនុប្រធានទី១សហព័ន្ធកីឡាចំបាប់កម្ពុជាថ្លែងក្រោយមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី កាលពីល្ងាចថ្ងៃទី៣០ ខែមថុនា ឆ្នាំ២០២២ថា ជាផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២២នេះ គឺសហព័ន្ធកីឡាចំបាប់កម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិចូលរួមប្រកួតអន្តរជាតិឲ្យបានច្រើនដើម្បីបង្កើនសមត្ថភាព និងគុណភាពរបស់ពួកគេឲ្យកាន់តែល្អ។
លោកអនុប្រធានរូបនេះបានបង្ហើបឲ្យដឹងថា ខែក្រោយនេះ អត្តពលិកចំបាប់កម្ពុជានឹងទៅប្រកួតកីឡាប៉ូលិសអន្តរជាតិ នៅប្រទេសហូឡង់, ខែតុលា គ្រោងចូលរួមប្រកួតនៅប្រទេសឥណ្ឌូណេស៊ី និងខែធ្នូ ចុងឆ្នាំ២០២២ សហព័ន្ធនឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះនៃការប្រកួតជើងឯកកីឡាចំបាប់អាស៊ីអាគ្នេយ៍។ បន្ថែមពីលើនេះ សហព័ន្ធនឹងបញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេល៦ខែ និងក្រុមជម្រើសជាតិ១០នាក់ផ្សេងទៀតគ្រោងចេញទៅហ្វឹកហាត់នៅប្រទេសអ៊ីរ៉ង់មុនពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចូលមកដល់។
លោក ខេស៊ី បាណេត បានសង្កត់ធ្ងន់ថា ការចេញទៅហ្វឹកហាត់នៅក្រៅប្រទេសជារឿងសំខាន់ណាស់ ពីព្រោះមានគូប្រជែងហ្វឹកហាត់ និងប្រកួតខ្លាំងៗ ដើម្បីបង្កើនការអភិវឌ្ឍបច្ចេកទេសកាន់តែខ្លាំង។ ដូច្នេះ លោកមានក្តីសង្ឃឹមច្រើនសម្រាប់គោលដៅការហ្វឹកហាត់ ការប្រកួត និងការរៀបចំធ្វើម្ចាស់ផ្ទះជើងឯកចំបាប់អាស៊ីអាគ្នេយ៍ ក្នុងការបង្កើនគុណភាពកីឡាករ កីឡាការិនីជម្រើសជាតិឲ្យបានច្រើន ។ លោកថា កាលណាយើងមានធនធានកីឡាករ កីឡាការិនីកាន់តែច្រើន នោះលទ្ធភាពក្នុងការប្រកួតប្រជែងមេដាយក៏កាន់តែច្រើនទៅតាមនោះដែរ។
សម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះជើងឯកកីឡាចំបាប់អាស៊ីអាគ្នេយ៍ ចុងឆ្នាំ២០២២នេះ គឺសហព័ន្ធបានត្រៀមរៀបចំ៣ប្រភេទវិញ្ញាសាធំៗ គឺវិញ្ញាសាចំបាប់សេរី ចំបាប់ក្រិចកូ និងចំបាប់នារី ហើយក្នុងប្រភេទវិញ្ញាសានីមួយៗ នឹងបន្ថែមប្រភេទទម្ងន់ឲ្យបាន១០ សរុប៣០ប្រភេទទម្ងន់ ។ ការរៀបចំនេះ គឺស្របតាមគោលការណ៍របស់សហព័ន្ធកីឡាចំបាប់អន្តរជាតិ ដោយក្នុង១ប្រភេទ តិចបំផុត៦និងច្រើនបំផុតអាចដាក់ត្រឹម១០ប្រភេទទម្ងន់។
តាមរយៈការបង្កើនប្រភេទទម្ងន់ក្នុងប្រភេទវិញ្ញាសានីមួយៗនេះ នឹងជួយជំរុញឲ្យម្ចាស់ផ្ទះកម្ពុជាដណ្តើមមេដាយកាន់តែច្រើន ដើម្បីវាស់ស្ទង់ ត្រៀមឆ្ពោះទៅជោគជ័យ ក្នុងពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។
លោក ខេស៊ី បាណេត គូសបញ្ជាក់ថា ជាមួយនឹងការត្រៀមគោលដៅយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់នេះ សហព័ន្ធជឿជាក់ថា ពេលស៊ីហ្គេម ឆ្នាំ២០២៣ ប្រភេទកីឡាចំបាប់កម្ពុជានឹងដណ្តើមបានមេដាយមាស២គ្រឿង យ៉ាងតិច តាមសន្ទស្សន៍មេដាយមាស ដែលគណៈកម្មាធិការជាតិ CAMSOC បានកំណត់ ហើយនឹងអាចបានមេដាយមាស៤គ្រឿង ឬអាចលើសពីនេះ។
ការត្រៀមស៊ីហ្គេមជាប្រវត្តិសាស្ត្រដំបូងនេះដែរសហព័ន្ធចំបាប់កម្ពុជានឹងរៀបចំឲ្យកីឡាករ កីឡា
ការិនីជម្រើសជាតិកម្ពុជា ដែលមានសក្តានុពលខ្ពស់ៗ ត្រៀមចូលរួមប្រកួតចំនួន២វិញ្ញាសា ស្របតាមគោលការណ៍អនុញ្ញាតរបស់សហព័ន្ធចំបាប់អន្តរជាតិ ៕