ម្នាស់ ត្រូវបានគេ យកមកបរិភោគ យ៉ាងសម្បូរបែប ធ្វើជាម្ហូប ហូបស្រស់ ធ្វើបង្អែម ធ្វើដំណាប់ ធ្វើទឹកផ្លែឈើ ជាដើម។ មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ម្នាស់មានផ្ទុកនូវ សារធាតុចិញ្ចឹមជាច្រើនដូចជា ផ្លែម្នាស់ មានសារធាតុជីវជាតិវីតាមីន និងសារធាតុរ៉ែជាច្រើនរួមមាន សារធាតុប៉ូតាស្យូម ស្ពាន់ ម៉ង់ហ្គាណែស កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីនសេ វីតាមីន B6។
បន្ថែមពីនេះ ម្នាស់វាជួយដល់សុខភាពមនុស្ស ដូចជា៖ កាត់បន្ថយការរលាកសន្លាក់ បង្ការជម្ងឺមហារីក ជួយការរំលាយអាហារ ព្យាបាលក្អក ផ្តាសាយ សុខភាពឆ្អឹង ប្រឆាំងនិងជម្ងឺមហារីកមាត់ ពង្រឹងអញ្ចាញធ្មេញ ថែរក្សាស្បែក ការពារការចុះខ្សោយនៃភ្នែក ចលនាឈាម សម្ពាធឈាម ការជ្រក់សក់ជាដើម។
*ម្នាស់ ជាដំណាំនិយមដាំដុះ ងាយស្រួលដាំ មិនពិបាកថែទាំ មកដឹងពីបច្ចេកទេស ក្នុងការដាំដុះ ម្នាស់ដូចខាងក្រោម៖
ការជ្រើសរើសពូជ
- រើសពូជដែលធន់ទ្រាំ ទៅនឹងអាកាសធាតុ
- ធន់សត្វល្អិត និងជម្ងឺ
- រើសដើមត្រង់ល្អ ថ្លោស ផ្តល់ផលលឿន
*ការរៀបចំរង
- ភ្ជួរដីឲ្យបានស្អាត រាស់ឲ្យម៉ដ្ឋល្អ ហាល១សប្តាហ៍ ឲ្យក្តៅដីល្អ
- កាយឆូតជាចង្អូរ ទទឹង១ម៉ែត្រ បណ្តោយ២០ម៉ែត្រ
- ដាក់ជីលាមកសត្វ ជីកំប៉ុស្ត តាមចង្អូរ រួចលប់ដីពីលើ
*ការដាដុះ
- ដាំកូនម្នាស់ពីលើចង្អូរ ដែលបានដាក់ជីខាង
- ដាំចន្លោះពីគុម្ពនីមួយៗ ៣០-៤០ស.ម
- ចន្លោះរងនីមួយៗ ៦០-៨០ស.ម
- ដាំកូនម្នាស់កប់គល់ ជម្រៅ ១០ស.ម
*ការថែទាំ
- សម្អាតស្មៅក្រោយដាំបាន១ខែ
- ពូនគល់ម្នាស់ យកស្មៅងាប់ៗ គ្របគល់ម្នាស់
- ដាក់ជីទ្រាប់បាត៖ ដាក់ជីលាមកសត្វ ជីកំប៉ុស ប្រមាណ៣០គ.ក្រ ក្នុង១រង ប្រវែង២០ម៉ែត្រ រួចជ្រោយច្របល់ឲ្យសព្វមុនដាំ
- បន្ទាប់ពីដាំ១ខែកន្លះ៖ ដាក់ជីអ៊ុយរ៉េ ១គ.ក្រ សម្រាប់ម្នាស់ ២០០ដើម
- បន្ទាប់ពីដាំ៣ខែកន្លះ៖ ដាក់ជីអ៊ុយរ៉េ ១គ.ក្រ សម្រាប់ម្នាស់ ២០០ដើម
- ពេលម្នាស់ចាប់ផ្តើមចេញផ្កា៖ ដាក់ជី២០-២០-១៥ ១គ.ក្រ សម្រាប់ម្នាស់ ២០០ដើម
- ដាក់ជីបំប៉ន៖ សម្អាតស្មៅឲ្យស្អាត មុនដាក់ជីបំប៉ន នៅក្រោយភ្លៀងធ្លាក់ នៅរដូវវស្សា។
- នៅរដូវប្រាំង យកជីអ៊ុយរ៉េ ចំនួនកន្លះគ.ក្រ លាយទឹក១ធុងចំណុះ ២០លីត្រ សម្រាប់កូនម្នាស់១០០ ដើម ស្រោចតាមគល់ កុំឲ្យទឹកជីចូលក្នុងបណ្តូល។
*ការស្រោចស្រព
- ពេលដាំកូនម្នាស់នៅរដូវប្រាំង ត្រូវស្រោចទឹកពន្លិចរងដាំ
- ក្រោយដាំត្រូវស្រោចទឹក១ខែម្តង រហូតដល់រដូវភ្លៀងធ្លាក់
-ការសម្អាតខ្នែងកូន៖ បើសង្កេតឃើញខ្នែងកូន ពេលកំពុងលូតលាស់ ត្រូវធ្វើការសម្អាតវាចេញ ដោយទុកតែមួយដើមប៉ុ ណ្ណោះ ដើម្បីឲ្យផ្លែវាធំ
-ការជម្រុញផ្កា៖ ដើម្បីជម្រុញ ដើមម្នាស់ឆាប់ផ្កា ត្រូវយកថ្មស្អុយលេខ១ ចំនួន ៣ខាំ លាយទឹក២០លីត្រ ចាក់ចូលក្នុងបណ្តូល ដើមម្នាស់ឲ្យពេញ។ ជាធម្មតា អាចចាក់បាន៣រង ដែលមានបណ្តោយ២០ម៉ែត្រ។ រយៈពេល៤ ខែ ២០ថ្ងៃ ម្នាស់ទុំអាចកាច់យកលក់បាន។
*សត្វល្អិត និងជម្ងឺបំផ្លាញដំណាំ
- ចៃស៖វាជញ្ជក់ស្លឹក ធ្វើឲ្យស្លឹកប្រែពីពណ៌បៃតងស្លេក ទៅជាលឿង ឬក្រហម ក្លាយជាពណ៌ត្នោតហើយខ្លោច ធ្វើឲ្យផ្លែរលួយ។
- វិធានការណ៍៖ជ្រើសរើសកូនម្នាស់ ដែលមានសុខភាពល្អដាំ សម្អាតស្មៅឲ្យស្អាតពីចម្ការ កំចាត់ចោលអង្រងក្នុងចំការ។
- ដង្កូវចោះផ្លែម្នាស់៖វាចោះបំផ្លាញផ្លែ ធ្វើឲ្យខូចរូបរាងផ្លែ ប្រហោងក្នុងសាច់ និងធ្វើឲ្យផ្លែលែងលូតលាស់ វិធានការណ៍៖ រៀបចំដីឲ្យបានល្អមុនដាំ ប្រើប្រីដាក់ទ័រ ដើម្បីកំចាត់ដង្កូវ។
- សត្វស្លាបរឹង៖កូនដង្កូវស៊ីក្នុងរូងដើមម្នាស់ បង្កើតជារន្ធរស់នៅក្នុងនោះ។ ដល់ពេលវាពេញវ័យ ស៊ីស្លឹកម្នាស់ ធ្វើឲ្យស្លឹកប្រែជាពណ៌ត្នោត រលួយបណ្តូលម្នាស់ពីគល់មក។
- វិធានការណ៍៖ សម្អាតស្មៅឲ្យស្អាតក្នុងចម្ការ ដំាដំណាំឆ្លាស់ ប្រើប្រីដាក់ទ័រកំចាត់វា ប្រមូលផលម្នាស់២សារត្រូវដាំឡើងវិញ
- ជម្ងឺរលួយផ្លែពណ៌ខ្មៅ៖វាធ្វើឲ្យផ្លែម្នាស់ធ្លាក់បាក់ ២-៣សប្តាហ៍មុនទុំ ផ្លែដែលបំផ្លាញ មានហូរទឹកចេញក្រៅ និងបំភាយក្លិនជូរ។ វិធានការរណ៍៖ ប្រើពូជដែលធន់និងជម្ងឺ រក្សាទុកផ្លែដែលប្រមូលផលហើយ នៅសីតុណ្ហភាព ៩ºC
- ជម្ងឺរលួយឬស៖ធ្វើឲ្យស្លឹកលូតលាស់យឺត ឬក្រិន ក្រហមចុងស្លឹក សរសៃប្រែជាពណ៌លឿង ពេលរាំងស្ងួតធ្វើឲ្យដើមប្រែជាពណ៌ក្រហម។ វិធានការណ៍៖ រៀបចំដីឲ្យបានល្អ លើកជារងដាំ ត្រូវមានប្រព័ន្ធបញ្ចេញទឹកគ្រប់គ្រាន់។
- ជម្ងឺរលួយបណ្តូល៖បង្កដោយផ្សិត ធ្វើឲ្យស្លឹកខ្ចីមិនលូតលាស់វែង បាតត់បង់ជាតិពណ៌បៃតង គល់ស្លឹកផ្នែកខាងក្នុងទន់ទៅផ្នែកម្ខាង បណ្តូលស្រួលដកចេញ។
- វិធានការណ៍៖ប្រើពូជដែលធន់ទ្រាំនឹងជម្ងឺ ប្រើគម្របប្លាស្ទិចគ្របដី កុំដាំកូនម្នាស់ជ្រៅពេក រៀបចំប្រព័ន្ធបញ្ចេញទឹក។
-ការប្រមូលផល
- អាចប្រមូលផលបានក្រោយដាំរយៈពេល១២ខែ
- ផ្លែម្នាស់ចាស់ល្អ សម្គាល់ភ្នែករីកធំល្អ និងសម្បកចាប់ប្រែពណ៌លឿង
- ប្រមូលផលផ្លែស្រស់ ដោយប្រើកំាបិតកាត់ នៅដំណាក់កាលទុំ
- ការកែច្នៃដាក់កំប៉ុង ត្រូវប្រមូលផលផ្លែទុំ ៥០-៧៥%
- បើដឹកឆ្ងាយ ត្រូវកាត់ផ្លែចាស់ល្អនៅពណ៌បៃតង
- ម្នាស់ផ្តល់ផលពី ៥០ ទៅ ៨០តោន/ហិចតា
- ទុកក្បាលម្នាស់ជាប់ផ្លែអាចរក្សាបាន ១០ទៅ១៥ថ្ងៃ
-ចំណាប់អារម្មណ៍
ម្នាស់ គឺជាដំណាំមួយ អាចជួយរកចំណូលបន្ថែម សម្រាប់បងប្អូន បន្ទាប់ពីការងារស្រែចម្ការ។ បងប្អូន ដែលមានដីទំនេរ មិនដឹងដាំដុះ ដំណាំអ្វី អាចដាំដុះ ម្នាស់បាន។ បច្ចេកទេស ខាងលើនេះ អាចជួយបងប្អូន ក្នុងការដាំដុះ ម្នាស់ ទទួលបាផ្លែល្អ និងមានរសជាតិផ្អែមឆ្ងាញ់។ ម្យ៉ាងវិញទៀត ប្រសិនបើបងប្អូន ចង់ដាំម្នាស់ ត្រូវចេះជ្រើសរើសពូជម្នាស់ ដែលមានសមស្រប ទៅតាមតម្រូវការទីផ្សារ នាពេលបច្ចុប្បន្ន ដើម្បីងាយស្រួល ក្នុងការលក់ម្នាស់ ដែលបងប្អូនដាំដុះបាន។