កណ្តាល៖ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ដែលគោរពប្រតិបត្តិទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងបុត្រ បានអញ្ជើញបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភព នាចេតិយ ស្ថិតក្នុងបរិវេណវត្តប្រក់ក្តារ ស្ថិតនៅក្នុងភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
ពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតិកាទាំង៧សណ្តាន បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ព្រមទាំងបុត្រ បានវេរភត្តាហារ និង និមន្តព្រះសង្ឃ ដារបង្សុកូល ដើម្បីជាកិច្ចឧទ្ទិសកុសលជូនចំពោះ ឧបាសក បាន លឺ និងឧបាសិកា ធី ឡាង ព្រមទាំងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភព ជារៀងរហូត។
សូមរំលឹកថា៖ ជារៀងរាល់ឆ្នាំឲ្យតែដល់រដូវបុណ្យទាន ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងបុត្រ រួមនិងញាតិមិត្ត បងប្អូនទាំងអស់ តែងតែរៀបចំពិធីបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន ជីតា មាតា បិតា ញាតិកាទាំង៧សណ្តាន ឥតមានអាកខានម្តងណាឡើយ ដើម្បីជាកិច្ចដឹងគុណចំពោះជីដូន ជីតា មាតា បិតា ដែលកាលលោកនៅមានជម្មាយុ បានខិតខំបីបាច់ថែរក្សាកូនចៅ ប្រកបដោយព្រហ្មវិហារធម៌ ។
បន្ទាប់ពីវេរប្រកេនទេយ្យទាន ទេយ្យវត្ថុ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ដល់ព្រះសង្ឃ ក្នុងនោះដើម្បីជាការចូលរួមចំណែកក្នុងការកសាងសមិទ្ធិផលនានា ក្នុងទីអារាមវត្តប្រក់ក្តារ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ព្រមទាំងបុត្រ ក៍បានប្រគេនបច្ច័យដល់វត្ត បន្ថែមទុកសម្រាប់ការកសាងសមិទ្ធិផល ដែលបំរើអោយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ អោយបានកាន់តែរីកចំរើនរុងរឿងជារៀងរហូត។
អត្ថបទ៖ លោក ញ៉ឹប បូរី