(ភ្នំពេញ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការស្វាគមន៍ និងការគាំទ្រចំពោះភាពជាដៃគូរវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និង ក្រុមហ៊ុន CNEE របស់ចិន នៅក្នុងគម្រោងវិនិយោគរួមលើវិស័យថាមពល នៅក្នុងប្រទេសកម្ពុជា។
ការបង្ហាញបែបនេះ គ្រាដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យលោក ខាង ហ៊ូពាវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Genertec International ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China National Energy Engineering & Construction Co., Ltd. (CNEE) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង នារសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣នេះ។
នៅក្នុងជំនួបនេះលោក ខាង ហ៊ូពាវ បានថែ្លងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យរូបលោកចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនសម្តេចធិបតី អំពីប្រវត្តិសាវតាររបស់ក្រុមហ៊ុន Genertec International ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដោយផ្តោតលើអាជីវកម្ម ក្នុងវិស័យធំៗចំនួន ៣ គឺ៖ ផ្នែកផលិតកម្ម, ការវិនិយោគលើវិស័យសុខាភិបាល និងការវិនិយោគក្រៅប្រទេស ដែលក្នុងនោះ ក៏កំពុងមានគម្រោងវិនិយោគលើវិស័យថាមពលវារីអគ្គិសនី នៅក្នុងប្រទេសកម្ពុជាក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជា ផងដែរ ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវក្តីរីករាយចំពោះជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Genertec International នាឱកាសថ្ងៃនេះ និងបានសម្តែងនូវការស្វាគមន៍ និងការគាំទ្រចំពោះភាពជាដៃគូរវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និងក្រុមហ៊ុន CNEE របស់ចិន នៅក្នុងគម្រោងវិនិយោគរួមលើវិស័យថាមពល ព្រមជាមួយនឹងក្តីសង្ឃឹមថា ក្រុមហ៊ុនអាចនឹងបន្តពង្រីកការវិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានជំនាញ៕