(អ៊ីរ៉ង់)៖កងទ័ពប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមសមយុទ្ធយានដ្រូនរួមគ្នាទ្រង់ទ្រាយធំនៅទូទាំងប្រទេស កាលពីថ្ងៃអង្គារ ក្នុងបំណងបង្កើនការត្រៀមប្រយុទ្ធនៃយានដ្រូន UAVs នៅក្នុងស្ថានភាពប្រយុទ្ធពិតប្រាកដ។ សមយុទ្ធរយៈពេលពីរថ្ងៃ មានយានដ្រូនដែលផលិតក្នុងស្រុកជិត ២០០គ្រឿងរបស់ប្រទេសអ៊ីរ៉ង់ មកពីកងកម្លាំងទ័ពជើងគោក ទ័ពអាកាស កងទ័ពជើងទឹក និងអង្គភាពការពារដែនអាកាស ដើម្បីវាយតម្លៃសមត្ថភាពប្រយុទ្ធរបស់យានដ្រូន និងបង្កើនការត្រៀមប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងដ៏មានសក្តានុពល។ នៅថ្ងៃដំបូងនៃសមយុទ្ធនេះ យានដ្រូនល្បាតនិងឈ្លបយកការណ៍របស់កងទ័ព បានធ្វើប្រតិបត្តិការឈ្លបយកការណ៍នៅលើដី សមុទ្រ និងនៅជិតព្រំដែនអាកាស ខណៈគំរូនៃយានដ្រូនវាយប្រហារផ្សេងៗ បានបំផ្លាញគោលដៅដែលបានកំណត់ដោយជោគជ័យ។ អាជ្ញាធរយោធាប្រទេសអ៊ីរ៉ង់ បានបញ្ចេញវីដេអូក្នុងអំឡុងពេលធ្វើសមយុទ្ធដែលបង្ហាញពីការដាក់ពង្រាយយានដ្រូនសម្រាប់ការតាមដាននាវាចម្បាំងសហរដ្ឋអាមេរិកនៅភាគខាងជើងមហាសមុទ្រឥណ្ឌា។ កងទ័ពប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ពីសមត្ថភាពរបស់ពួកគេ ក្នុងការឈ្លបយកការណ៍គ្រប់ពេល និងការរកឃើញគោលដៅនាវាអាមេរិក៕