ប៉ៃលិន៖ រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការ ជម្រុញចលនាភូមិមួយ ផលិតផលមួយខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តន៍ការងារ ស្ថិតក្រោមអធិបតីភាព លោក ងួន លីណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។
លោក ងួន លីណា អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ជាការពិត វិស័យឯកជនជាផ្នែកមួយយ៉ាងសំខាន់ ហើយត្រូវចាត់ទុកជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ដូច្នេះតាមខ្លឹមសារនៃគោលនយោបាយជាតិ ចលនាភូមិមួយផលិតផលមួយ គឺជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍចម្រុះ នៅតាមសហគមន៍ ដែលសកម្មភាពនេះ គឺជាកម្លាំងចលករដ៏សំខាន់ និងមានប្រសិទ្ធភាព ក្នុងការចូលរួមចំណែកជួយពន្លឿនសេដ្ឋកិច្ចជាតិ។
លោកប្រធានគណៈកម្មាធិការ បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីធ្វើឱ្យដំណើរការអនុវត្តចលនាភូមិមួយ ផលិតផលមួយ មានស្ថេរភាព និងរីកចម្រើនបាន ទាំងអស់គ្នាត្រូវប្រកាន់ខ្ជាប់ អនុវត្តតាមគោលការណ៍ គ្រឹះសំខាន់ ៣គឺ៖ ទី១- គិតជាសកល ដោយធ្វើតាមមូលដ្ឋាន គឺសំដៅទៅលើគំនិតដែលស្ថិតនៅជាប់ជាមួយនឹងវប្បធម៌ ប្រពៃណីដែលមាននៅតាមមូលដ្ឋាន ហើយពួកគេបង្កើត ផលិតផលទាំងឡាយ ដែលអាចរកទីផ្សារបាន, ទី២-ការពឹងផ្អែកលើខ្លួនឯង និងការឆ្នៃប្រឌិតរស់រវើក មានន័យថា ប្រជាជនក្នុងមូលដ្ឋាន អាចសម្រេចចិត្តផលិតនូវផលិតផលនានា ទាំងទំនិញ និងសេវាកម្ម សម្រាប់ចលនាភូមិមួយ ផលិតផលមួយ ដែលនៅក្នុងមូលដ្ឋានយើង ហើយរដ្ឋបាលមូលដ្ឋាននោះ ត្រូវមានភារកិច្ចសម្របសម្រួល ផ្នែកបច្ចេកទេស និងទីផ្សារ និង ទី៣-កត្តាជោគជ័យ របស់ភូមិមួយផលិតផលមួយ គឺការអភិវឌ្ឍធនធានមនុស្ស ។
នៅក្នុងឱកាសនោះ លោក ងួន លីណា បានមានប្រសាសន៍ជំរុញដល់ក្រុមការងារគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្ត ត្រូវបន្តសហការគ្នារៀបចំចងក្រងផលិតផលក្នុងស្រុកដែលមានកត្តានុពលនៅតាមមូលដ្ឋានរបស់ខ្លួន ដោយបញ្ជូលជាផលិតផលភូមិមួយ ផលិតផលមួយ ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាពការងារ ហើយត្រូវខិតខំកៀរគរការវិនិយោគនានា លើផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយឆ្នាំ ២០១៦-២០២៦ ដែលធ្វើអោយមូលដ្ឋានយើង នឹងទទួលបានផលប្រយោជន៍ជាច្រើន ដូចជា៖ បានបង្កើនការងារ នៅក្នុងសហគមន៍ ហើយធ្វើឱ្យមានការកាត់បន្ថយភាពគ្មានការងារធ្វើ, ការធ្វើចំណាកស្រុក ការបង្កើនបរិមាណផលិតផលក្នុងស្រុក ជាពិសេសគុណភាពត្រូវបានលើកកំពស់ និងទទួលបាននូវការជឿ ទុកចិត្តផងដែរ ៕