(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែកញ្ញា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងពាក់ព័ន្ធ ត្រូវត្រៀមខ្លួនជួយពលរដ្ឋ ពីការរងគ្រោះដោយទឹកជំនន់ដែលកើតឡើងជារឿយៗនាចុងរដូវវស្សា។
បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសរសេរបែបនេះថា “រាជរដ្ឋាភិបាល បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវត្រៀមខ្លួនរួចជា ស្រេចក្នុងការឆ្លើយតបនិងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះទឹកជំនន់ ដែលជារឿយៗកើតឡើងនៅចុងរដូវវស្សា”។ជាការគិតគូរដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបរបរក្រៅប្រព័ន្ធ កំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី២០ខែកញ្ញា សម្ដេចនាយករដ្ឋមន្ត្រី បានដាក់ចេញនូវសេក្ដីព្រាងយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីអាណត្តិទី៦កន្លងទៅ បានគិតគូរដល់ប្រជាពលរដ្ឋ តាមរយៈការជួយពលរដ្ឋដូចជាការផ្ដល់ជំនួយជាគ្រឿងសម្រាប់បរិភោគ សម្ភារៈប្រើប្រាស់ និងចែកស្រូវពូជដល់ពលរដ្ឋជាដើម៕