ពេលក្មេងបឺតដបទឹកដោះគោ ត្រូវមានទឹកដោះគោចូលក្នុងមាត់ បើចូលតែខ្យល់សុទ្ធ ឬលាយឡំខ្យល់ច្រើន ក៏អាចបណ្តាលឱ្យក្មេងហើមពោះ និងរលាកពោះវៀនបានដែរ។ នេះបើតាមការឱ្យដឹងពី លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ពេទ្យព្យាបាលជំងឺទូទៅ។
អ្នកមានកូនតូចភាគច្រើន តែងមើលរំលងកត្តាតូចៗមួយចំនួន ដែលបង្កទៅជាបញ្ហាផ្សេងៗ ហើយប៉ះពាល់ដល់សុខភាព បុត្រធីតារបស់ខ្លួន។ វេជ្ជបណ្ឌិតរូបនេះ បានលើកឡើងនូវសកម្មភាពមួយ ដែលអាណាព្យាបាលទាំងអស់ គប្បីត្រូវយកចិត្តទុកដាក់ គឺការដាក់ឱ្យកូនតូចបៅទឹកដោះគោដប ត្រូវមើលថាតើ ទឹកដោះនៅក្នុងដបមាននៅក្នុងផ្នែកក្បាលដោះឬអត់។
មួយវិញទៀត បើសិនជាទឹកដោះនៅក្នុងដបអស់ ក៏មិនត្រូវទុកបន្តឱ្យក្មេងជញ្ជក់លេងដែរ ព្រោះបើធ្វើបែបនេះ អ្វីដែលក្មេងទទួលបាន គឺមានតែខ្យល់ប៉ុណ្ណោះ។ លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ចំណុចដែលបានរៀបរាប់ខាងលើ អាចជាដើមហេតុធ្វើឱ្យក្មេងហើមពោះ និងរលាកពោះវៀន។
គួរបញ្ជាក់ថា ជាទូទៅក្មេងតូចពេលបៅទឹកដោះគោ ច្រើនតែបិទភ្នែកគេង ប៉ុន្តែមាត់របស់គាត់គឺនៅតែជញ្ជក់ជាធម្មតា ដោយមិនខ្វល់ថា ដោយទឹកដោះឬអត់នោះទេ។ ដូច្នេះ គប្បីកុំបណ្តែតបណ្តោយកូនតូច ឱ្យបៅដបដែលគ្មានទឹកដោះ នៅក្បាលដប ឬមិនមានទឹកដោះនៅក្នុងដប ជៀសវាងបញ្ហាដូចដែលបានរៀបរាប់ខាងលើ៕