ស្ថិតនៅចុងពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយដែលមានផ្ទៃដីធំលំដាប់ទី១៣ នៃប្រទេសកម្ពុជា មានទីក្រុងធំៗដល់ទៅ០២ គឺក្រុងប៉ោយប៉ែត និង ក្រុងសិរីសោភ័ណ។
ក្នុងនោះនៅក្រុង សេរីសោភ័ណ មានភ្នំមួយ ដែលខ្ពស់ជាងគេបង្អស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះថា«ភ្នំជញ្ជាំង» ។ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រមាណជា ៤ គ.ម ពីសាលាខេត្ត «ភ្នំជញ្ជាំង» ជាភ្នំដែលខ្ពស់ជាងគេបំផុត នៅខេត្តបន្ទាយមានជ័យ និងអាចមើលឃើញទិដ្ឋភាពក្រុង សិរីសោភ័ណទាំងមូលពីលើកំពូលភ្នំ ដែលក្នុងនោះ ភ្នំនេះមានល្អាងជាច្រើនដូចជា ល្អាងល្ខោន ល្អាងបោះឈូង ល្អាងប្រម៉ា ល្អាងប្រចៀវ ជាដើម។កាលដើមឡើយ នៅភ្នំនេះ ធ្លាប់មានទឹកធ្លាក់ពីលើភ្នំ ខួបប្រាំង-វស្សា ហើយមាន អបិយជំនឿថា ប្រជា ពលរដ្ឋតែងតែឮភ្លេងពិណពាទ្យ រៀងរាល់ថ្ងៃសីល ចេញពីល្អាងភ្នំនេះ ។ ក្នុងនោះផងដែរ នៅលើភ្នំ មាន ចេតិយតម្កល់ព្រះសិរីរិកធាតុ ដែលបាននឹងកំពុងសាងសង់នៅលើកំពូលខ្ពស់បំផុត ដើម្បីរក្សាបាននូវ សេចក្តីសុខ និងភាពលូតលាស់ទៅមុខ ដែលក្នុងការសាងសង់នោះ គេក៏មានគម្រោង កសាងខ្សែរ៉ត ជិះ កន្ត្រកសម្រាប់ ឡើងទៅចេតិយនោះផងដែរ។