(ត្បូងឃ្មុំ)៖លោក ឈីម ផៃ ម្ចាស់កសិដ្ឋានត្បូងឃ្មុំ បានប្រមូលទិញខ្យងធម្មជាតិ ពីប្រជាកសិករ និងអ្នកនេសាទ នៅខេត្តបាត់បង បន្ទាយមានជ័យ សៀមរាប កំពង់ចាម និងខេត្តកំពង់ធំជាដើម ដើម្បីស្តុកទុកសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាង។
លោក ឈីម ផៃ បានលើកឡើងថា កសិដ្ឋានរបស់លោក បានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ មកម្លេះ។ លោកថា បច្ចុប្បន្ននេះ កសិដ្ឋាត្បូងឃ្មុំ របស់លោក បាននាំចេញខ្យងធម្មជាតិទៅទីផ្សារវៀតណាម ប្រមាណ ៣០តោន ដោយរកចំណូលបានជិត ២ពាន់ដុល្លារ ក្នុងមួយខែ ពីការនាំចេញនេះ។ បើតាមលោក ឈីម ផៃ ខ្យងធម្មជាតិមួយគីឡូមានតម្លៃចន្លោះពី ៤ ០០០ រៀល ទៅ ១៣ ០០០ រៀល អាស្រ័យទៅតាមទីផ្សារជាក់ស្ដែង។ក្រោយពីបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ខេត្តកំពង់ចាម លោក ឈីម ផៃ មិនបានធ្វើការអ្វីនោះទេ ពោលគឺចាប់យកអាជីពនេះតែម្តង ដោយមើលឃើញពីសក្តានុពលទីផ្សារល្អ និងចង់ជួយបង្កើនប្រាក់ចំណូលដល់ពលរដ្ឋ ក្រៅពីរបរស្រែចម្ការ។
ពាក់ព័ន្ធនឹងផលិតផលជលផល រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញបង្កើតទីផ្សារនាំចេញទៅក្រៅប្រទេស។ ជាក់ស្តែង នៅពេលឆាប់ៗខាងមុខនេះ ផលិតផលជលផលខ្មែរចំនួន ៤ប្រភេទបន្ថែមទៀត រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង នឹងមានវត្តមានលើទីផ្សារប្រទេសចិន ដែលជាទីផ្សារមួយដ៏ធំ ទាំងនៅក្នុងតំបន់ និងពិភពលោក។ ចំពោះការបើកទីផ្សារផលិតផលជលផលរបស់កម្ពុជា៤ប្រភេទបន្ថែមទៀត ទៅកាន់ទីផ្សារប្រទេសចិននាពេលនេះ កម្ពុជាជឿជាក់ថា ផលិតផលជលផលធម្មជាតិរបស់កម្ពុជា នឹងក្លាយជាទីពេញនិយមរបស់ប្រជាជនចិន៕