(អាមេរិក)៖ យោធាអាមេរិក បានដាក់ពង្រាយទាហានរាប់ពាន់នាក់ និងសព្វាវុធកងទ័ពជើងទឹកបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីកំញើញកងកម្លាំងអ៊ីរ៉ង់ ក្រោយចោទប្រកាន់ទីក្រុងតេហេរ៉ង់ ពីការយាយីនាវាពាណិជ្ជកម្ម និងសកម្មភាពបង្កអស្ថិរភាពផ្សេងទៀត។ កងនាវាចរទី៥របស់កងទ័ពជើងទឹកអាមេរិក បានប្រកាសពីការសម្រេចចិត្តនេះ កាលពីថ្ងៃចន្ទទី៧ខែសីហា ដោយកត់សម្គាល់ថា ទាហានម៉ារីននិងនាវិកជាង៣០០០នាក់ បានទៅដល់សមុទ្រក្រហមតាមនាវាចម្បាំង។
អ្នកនាំពាក្យកងនាវាទី៥ លោក Tim Hawkins បានប្រាប់ The Hill ថា “អង្គភាពទាំងនេះ នឹងបន្ថែមកម្លាំងនិងសមត្ថភាពប្រតិបត្តិការសំខាន់ៗ នៅពេលដែលយើងធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីទប់ស្កាត់សកម្មភាពអស្ថិរភាព និងកាត់បន្ថយភាពតានតឹងក្នុងតំបន់ដែលបណ្តាលមកពីការយាយីនិងការរឹបអូសនាវាជំនួញដោយអ៊ីរ៉ង់កាលពីដើមឆ្នាំនេះ”។ កងទ័ពជើងទឹកបន្ថែមថា នាវាចម្បាំង USS Bataan ដែលត្រូវបានបញ្ជូនទៅ ក៏មានផ្ទុកសព្វាវុធដែនអាកាសបន្ថែមផងដែរ។យោងតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក, រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានបញ្ជាឲ្យចាត់វិធានការនៅក្នុងខែកក្កដា ដើម្បីឆ្លើយតបទៅការប៉ុនប៉ងរបស់អ៊ីរ៉ង់ ដែលរឹបអូសកប៉ាល់ពាណិជ្ជកម្មនៅក្នុងតំបន់។
ថ្វីបើទីក្រុងវ៉ាស៊ីនតោន បានចោទសាធារណរដ្ឋឥស្លាម ម្តងហើយម្តងទៀតពីការរឹបអូសបែបនេះចាប់តាំងពីឆ្នាំ២០១៩មកក៏ដោយ ប៉ុន្តែមានការចោទប្រកាន់កាន់តែខ្លាំងៗ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ដោយមន្ទីរប៉ង់តាហ្គោនបានប្រកាសពីការដាក់ពង្រាយថ្មីជាច្រើននៅពេលនោះ។ កាលពីពាក់កណ្តាលខែកក្កដា ក្រសួងការពារជាតិប្រកាសថា ខ្លួននឹងបញ្ជូនយន្តហោះចម្បាំង F-35 និង F-16 ទៅកាន់មជ្ឈិមបូព៌ា រួមជាមួយនឹងនាវាពិឃាដនាំផ្លូវមីស៊ីល ដើម្បីការពារផលប្រយោជន៍សហរដ្ឋអាមេរិក និងការពារសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុង ច្រកសមុទ្រ Hormuz៕