(ភ្នំពេញ)៖រដ្ឋសភានីតិកាលទី៧ នឹងបើកសម័យប្រជុំដំបូងនៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ នៅវិមានរដ្ឋសភា ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ការបើកសម័យប្រជុំរបស់រដ្ឋសភាជាលើកដំបូង នេះ ក្រោយពេលដែល ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ និងប្រកាសលទ្ធបោះឆ្នោតជាផ្លូវការនៅថ្ងៃទី ០៥ ខែសីហា ត្រូវបានបិទបញ្ចប់។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មានប្រជាពលរដ្ឋកម្ពុជាចំនួន ៨៤.៥៩% នៃចំនួនក្នុងបញ្ជីបោះឆ្នោតជាង ៩ លាននាក់ បានទៅបោះឆ្នោត ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០ អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ៥ អាសានៈ នៅក្នុងរដ្ឋសភានីតិកាលទី ៧៕