ខេត្តបាត់ដំបង ៖ អ្នករត់ម៉ូតូកង់បីឥណ្ឌាដឹកភ្ញៀវទេសចរជាស្ត្រីជនជាតិបារាំងម្នាក់ ហើយមានគំនិតទុច្ចរិតបង្កបញ្ហារហូតឲ្យមានរបួសស្នាមដល់ភ្ញៀវកាលពីចុងសប្ដាហ៏មុន ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី០៧ សីហា ខណៈដែលអតីតទណ្ឌិតរូបនេះ សំងំលាក់ខ្លួននៅក្នុងផ្ទះ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ សូមរំលឹកថា៖ សមត្ថកិច្ចកំពុងតាមរកម្ចាស់ម៉ូតូកង់បីឥណ្ឌាដែលដឹកនារីបរទេសបង្ហូសសណ្ឋាគារក្នុងបំណងមិនល្អ ជនសង្ស័យរូបនេះ ឈ្មោះ ទេព ភាឡី ហៅលីញ អាយុ២៩ឆ្នាំ មានមុខរបររត់ម៉ូតូកង់បីឥណ្ឌា រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ។ ជននេះ ត្រូវកម្លាំងជំនាញរបស់អធិការក្រុងបាត់ដំបង ដែលមានកិច្ចសហការពីកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តផងបានធ្វើការស្រាវជ្រាវរហូតត្រូវឃាត់ខ្លួនពេលកំពុងសំងំលាក់ខ្លួននៅក្នុងផ្ទះ ក្រោយពីជននេះបង្កឲ្យស្ត្រីជនជាតិបារាំងម្នាក់រងរបួសស្នាម ។កាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺថ្ងៃទី០៥ សីហា អ្នករត់ម៉ូតូកង់បីឥណ្ឌាឈ្មោះ ទេព ភាឡី ហៅលីញ នេះ បានដឹកភ្ញៀវទេសចរស្ត្រីជនជាតិបារាំងម្នាក់ ដែលនាងទើបចុះពីរថយន្តដឹកអ្នកដំណើរមកពីភ្នំពេញ ឲ្យដឹកនាងទៅកាន់កន្លែងស្នាក់នៅសណ្ធាគារ «ឡាក់គី» ក្នុងក្រុងបាត់ដំបង ។ ប៉ុន្តែជននេះបែរជាដឹកនាងពង្វាងផ្លូវមិនទៅសណ្ឋាគារទេ ដោយបង្ហួសទៅតាមផ្លូវស្ងាត់ខាងក្រោយផ្សារទំនើប «ភូពុយ»ទៅវិញ ។ នេះបើតាមព្រឹត្តិហេតុ ដែលបានកើតឡើងដំបូង ។យោងតាមហេតុការណ៍ដដែល ក្រោយឃើញសកម្មភាពអ្នករត់កង់៣មិនល្អ ស្ត្រីបរទេសរូបនេះបានព្យាយាមស្រែកប្រាប់ផ្លូវដល់ម៉ូតូកង់៣ឲ្យដឹកនាងទៅកាន់សណ្ឋាគារ តែតៃកុងនៅតែជជេសមិនស្ដាប់បង្គាប់នាង លុះដឹកនាងទៅដល់ម្ដុំភូមិអញ្ចាញ សង្កាត់អូរចា នាងក៏ទាញកាបូបស្ពាយលោតចុះពីលើម៉ូតូកង់បីរហូតដួលរបួសផ្ទៃមុខ និងបាក់ឆ្អឹងម្រាមដៃ១ ហើយម៉ូតូកង់បីក៏ដួលបែកកញ្ចក់ធ្លាក់បំណែកនៅទៅនោះ ។
សមត្ថកិច្ចនិងអាជ្ញាធរបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចុះស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងកើតហេតុនៅព្រឹកថ្ងៃទី០៦ សីហា រហូតមន្ត្រីជំនាញកំណត់បាននូវតម្រុយខ្លះៗពីភិនភាគនៃអ្នករត់ម៉ូតូកង់បីនោះ ។ លោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងបាននិយាយថា អ្នករត់ម៉ូតូកង់បីនេះ បានគេចខ្លួនក្រោយបង្កហេតុទៅលើស្ត្រីបរទេសជនជាតិបារាំង ។ ប៉ុន្តែក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេល០២ថ្ងៃ ទើបកំណត់បានមុខសញ្ញាជននេះច្បាស់ រហូតឈានការឃាត់ខ្លួនដល់ផ្ទះតែម្ដង ។ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចក៏បានដកហូតម៉ូតូកង់បីឥណ្ឌាមួយគ្រឿងផងដែរ ដែលមានស្នាមប្រេះបែកកញ្ចក់ខាងឆ្វែង ដោយសារដូលពេលស្ត្រីជនជាតិបារាំងលោកចុះ ។ ពាក់ព័ន្ធនឹងការហេតុការណ៍នេះ បើតាមចម្លើយបឋមរបស់ជនសង្ស័យឈ្មោះ ពេទ ភាឡី ហៅ លីញ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើមិនគប្បី មានគោលបំណងមិនល្អទៅលើជនបរទេសនេះមែន ។
លោក ពេជ្រ សារ៉ែន ដែលបានស្រង់សំដីជនសង្ស័យបាននិយាយថា បើតាមចម្លើយបឋម អ្នករត់ម៉ូតូកង់បីរូបនេះ ពិតជាមានចេតនាមិនល្អទៅលើភ្ញៀវទេសចរនោះមែន ។ ជននេះបានសារភាពថា មូលហេតុ ដែលខ្លួនមិនដឹកនាងពង្វាងផ្លូវមិនទៅសណ្ធាគារភ្លាមៗ គឺខ្លួនចង់កេងចំណេញ «គីឡូ»។ ម្យ៉ាងទៀត ខ្លួនឃើញស្ត្រីបរទេសរូបនេះមានកាបូបធំផង ទើបខ្លួនដឹកនាងទៅតាមផ្លូវស្ងាត់ ក្នុងគោលបំណងចង់បានកាបូបនោះ (មានគោលបំណងវាយប្លន់) ។ នេះជាចម្លើយអ្នករត់ម៉ូតូកង់បី ដែលលោកអធិការក្រុងបានសួរនាំបឋម ពេលចាប់ខ្លួនបានភ្លាមៗ ។ជាមួយនឹងការឃាត់ខ្លួនអ្នករត់ម៉ូតូកង់បីរូបនេះ សមត្ថកិច្ចបានរំលឹកពីប្រវត្តិអាស្រូវរបស់ជននេះថា ឈ្មោះ ពេទ ភាឡី ហៅលីញ នេះ ធ្លាប់ត្រូវកម្លាំងជំនាញនៃស្នងការខេត្តចាប់ខ្លួនម្ដងហើយ រហូតត្រូវតុលាការកាត់ទោសឲ្យជាប់គុក៤ឆ្នាំពីបទប្រព្រឹត្តអំពើ «ចោរកម្ម» ។ សមត្ថកិច្ចបានទម្លាយពីប្រវត្តិជននេះថា អតីតទណ្ឌិតរូបនេះ ធ្លាប់ត្រូវបានកំណត់ថា ជាមុខសញ្ញាលួច និង ឆក់យ៉ាងសកម្មនៅក្នុងក្រុងបាត់ដំបង។ ជននេះ បានធ្វើជាអ្នករត់ម៉ូតូកង់បីពេលយប់ គ្រាន់តែជាលេស ដើម្បីរកឱកាសប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ តែពេលនេះត្រូវចូលគុកជាថ្មីហើយ ដោយសារមានគំនិតទុច្ចរិតទៅលើស្ត្រីជនបរទេសជាតិបារាំង
យ៉ាងណា លោក ពេជ្រ សារ៉ែន បានបញ្ជាក់ថា ក្រោយពេលចាប់ខ្លួន អ្នករត់ម៉ូតូកង់បីកំហូច និងជាអតីតទណ្ឌិតរូបនេះ ត្រូវបានកម្លាំងរបស់លោកបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីហើយ៕