រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ហាងលក់គុយទាវ និងសាច់អាំងមួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះបន្ទប់ដាក់អាសនៈ និងសម្ភារៈអាំងសាច់នៅជាន់ទី១ទាំងយប់ផ្អើលអស់ប្រជាពលរដ្ឋ ហៅរថយន្តពន្លត់អគ្គិភ័យមកជួយទាន់ពេលវេលា បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចបុរីសន្តិភាព២ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។តាមប្រភពព័ត៌មានពីស្ត្រីម្ចាស់ផ្ទះមានឈ្មោះ ឈុន គីមអ៊ីត អាយុ៣៥ឆ្នាំ មុខរបរលក់គុយទាវនិងសាច់អាំង រស់នៅផ្ទះកើតហេតុខាងលើ បាននិយាយប្រាប់ថា «នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់គាត់បានបើកភ្លើងបំភ្លឺនៅបន្ទប់ដាក់អាសនៈ ដែលមានរូបព្រះអង្គទុកចោលនៅជាន់ទី១»។ស្ត្រីម្ចាស់ផ្ទះបន្តថា «ខណៈពេលគាត់ដេកលង់លក់ ក៏ស្រាប់តែទុស្សេខ្សែភ្លើងនៅចំណុចទីតាំងរូបព្រះអង្គធ្វើឱ្យឆាបឆេះតែម្តង បណ្តាលឲ្យខូចខាតអស់សម្ភារៈមួយចំនួន តែត្រូវបានបងប្អូនប្រជាពលរដ្ឋអ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងត.ទឹកពីផ្ទះបងប្អូនជិតខាងមកជួយបាញ់ពន្លត់ តែមិនរលត់នោះទេ ទើបពួកគាត់ទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗតែម្តង»។ស្ត្រីម្ចាស់ផ្ទះបន្តទៀតថា «បន្ទាប់មកកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៏បានមកដល់ភ្លាមៗដែរ ហើយនាំគ្នាវា.យទម្លុះជញ្ជាំង ដើម្បីបាញ់ទឹកពន្លត់ តែបាញ់មិនទាន់រលត់នោះទេ ក្រោយមកកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៏ទាក់ទងទៅក្រុមពន្លត់អគ្គិភ័យមកជួយពន្លត់បន្តទៀតផងដែរ»។
ចំណែកកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ក៏បានបញ្ជាក់ប្រាប់ដែរថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចមូលដ្ឋានទាក់ទងភ្លាមៗ រថយន្តពន្លត់អគ្គិភ័យមកចំនួន៧គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញមកចំនួន៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ មកចំនួន៣គ្រឿង ប៉ុន្តែប្រើប្រាស់ទឹកអស់ចំនួនមួយគ្រឿង ក៏បានរលត់ទៅវិញទាំងស្រុង។ហើយចំពោះមូលហេតុដែលបណ្តាលឲ្យឆាបឆេះនេះ សមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពីទុស្សេខ្សែភ្លើងនៅចំណុចបន្ទប់ដាក់អាសនៈរូបព្រះអង្គ និងឆេះសម្ភារៈអាំងសាច់ រួមទាំងរបស់របរមួយចំនួនទៀត៕