ប៉ៃលិន៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ដោយមានសមាជិកសមាជិកា ជិត ១០០០០នាក់ ចូលរួមដង្ហែរក្បួនឃោសនារកសម្លេងឆ្នោត នៅទូទាំងខេត្ត ។
បើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា៖ ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល ២១ថ្ងៃ ហើយការហែរក្បួនបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានប្រព្រឹត្តិទៅនៅតាមដែនរដ្ឋបាលឃុំ-សង្កាត់របស់ខ្លួន ព្រមទាំងមានការដង្ហែរទៅតាមដងវិថីនានាក្នុងខេត្តតាមរយៈមធ្យោបាយនានា មានរថយន្តតូចធំ ម៉ូតូ និងម៉ូតូរឺម៉ក់ ជាច្រើនគ្រឿង ដោយធ្វើការដង្ហែយ៉ាងអធឹកអធម មានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ័ និង សម្រែកជ័យឃោស ប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោលនយោបាយរបស់គណបក្ស រួចបន្តដង្ហែឆ្ពោះទៅកាន់ ឃុំ-សង្កាត់រៀងៗខ្លួនផងដែរ ។
សូមជម្រាបថា៖ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង ៧ម៉ឺននាក់ ដឹកនាំផ្ទាល់ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៕