សៀមរាប ៖ ថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកន្លែងកម្សាន្តមួយកន្លែង នៅខេត្តសៀមរាប ដែលបានរៀបចំបន្ថែម បង្អួតសម្រស់ដ៏ស្រស់ត្រកាលជាមួយនឹងដើមឈើវល្លិ៍ សួនផ្កាស្អាតៗ ទាក់ ចិត្តអ្នកទេសចរណ៍ ជាពិសេសអ្នកចូលចិត្តថតរូប។
យ៉ាងណាមិញ កន្លែងកម្សាន្តជាទីចាប់អារម្មណ៍របស់មហាជនអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក នាពេលថ្មីៗ នេះត្រូវបានគេស្គាល់ឈ្មោះថា «សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ» ដែលស្ថិតនៅប៉ែកខាងកើតនៃប្រាសាទបាគង ក្នុងភូមិគោកគរ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ហួសសាលារៀនបឋមសិក្សា បាគងប្រហែល ២០០ ម៉ែត្រ)។
គួរឱ្យដឹងដែរថា «សហគមន៍ទេសចរណ៍ បាគងភូមិខ្ញុំ» គឺជាកន្លែងសម្រាកលម្ហែកម្សាន្តមួយយ៉ាងល្អប្រណីត ដែល មិនគួរមើលរំលងសម្រាប់អ្នកបានទៅលេងនៅទឹកដីខេត្តសៀមរាប់ ដោយនៅទីនេះអ្នកទេសចរណ៍អាចបន្ធូរអារម្មណ៍ ជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រង មានចម្ការដំណាំចម្រុះ មានទឹកហ៊ុមព័ទ្ធជុំវិញ ហើយក៏ជាកន្លែងដ៏ស័ក្តិសមបំផុត មួយសម្រាប់អ្នកចូលចិត្តថតរូប និង ចូលចិត្តភាពស្ងប់ស្ងាត់បែបធម្មជាតិ។មិនតែប៉ុណ្ណោះទេ នៅឯសហគមន៍ទេសចរណ៍ «បាគងភូមិខ្ញុំ» អ្នកទេសចរណ៍នឹងបានឃើញនូវសម្រស់ធម្មជាតិដ៏ស្រស់ ស្អាត អាចជិះទូកកម្សាន្ត ស្ទូចត្រី រត់ហាត់ប្រាណ ដើរទស្សនាផ្ទះរបស់ប្រជាជន ហើយជាពិសេសទៀតនោះគឺអាចសាក នូវម្ហូបអាហាររបស់អ្នកភូមិដ៏ឈ្ងុយឆ្ងាញ់ថែមទៀតផង៕