(ភ្នំពេញ)៖ ក្រោយការជួយសំណោះសំណាលជាមួយនិស្សិតអាហាររូបករណ៍របស់កម្ពុជា ទៅសិក្សានៅប្រទេសឡាវ និងបានស្តាប់នូវបញ្ហាប្រឈមផ្សេងៗរបស់និស្សិតដែលទៅសិក្សានៅទីនោះនាពេលកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បន្តធ្វើការងារជាមួយនឹងក្រសួងអប់រំនៅប្រទេសឡាវ ឱ្យផ្តល់ថ្លៃអាហារូបករណ៍ជូននិស្សិតជាប្រាក់ដុល្លារ ដើម្បីបានឆ្លើយតបការប្រែប្រួលអត្រាប្តូរប្រាក់។
សម្តេចតេជោ ហ៊ុន សែន បានណែនាំដូចនេះនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រ ជូននិស្សិត សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ ជាង៧ពាន់នាក់ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «សុំបញ្ជាក់ជូនឯកឧត្តម ហង់ ជួនណារ៉ុន ផងដែរ បន្តធ្វើការងារជាមួយនឹងក្រសួងអប់រំឡាវ ព្រោះនៅពេលដែលខ្ញុំបានជួបនិស្សិតយើង ដែលកំពុងសិក្សានៅឡាវនោះ គឺខ្ញុំស្តាប់នូវការលំបាករបស់ពួកគាត់យ៉ាងមិច ហើយអ្វីដែលជាការលំបាករបស់ពួកគាត់ នៅត្រង់ថាយើងមានគោលការណ៍បដិការផ្គត់ផ្គង់ឱ្យនិស្សិតរបស់យើង គឺនិស្សិតឡាវ និងយើង គឺដូចគ្នា ១៨០$ដូចគ្នា ប៉ុន្តែឥលូវនេះ ១៨០$នៅឡាវ គេបើកចេញជាប្រាក់គីប ហើយប្រាក់គីបដែលបានប្តូរនៅតាមធនាគារ និងប្តូរនៅតាមទីផ្សារគឺខុសគ្នា ចឹងតម្លៃប្រាក់នេះនៅសល់ត្រឹមតែ ៩០ទេ ដោយសារប្រាក់គីបចុះថ្លៃ ហើយសម្រាប់កម្ពុជា គឺគ្មានអ្វីជាចំណោទនោះទេ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ពាក់ព័ន្ធនិងរឿងប្រាក់ឧបត្ថម្ភសម្រាប់និស្សិតអាហាររូបរណ៍នេះ សម្តេចក៏បានស្នើនាយករដ្ឋមន្ត្រីឡាវដែរថា ដើម្បីកុំឱ្យមានការលំបាកទៅលើបញ្ហាការប្តូរប្រាក់ គឺគួរតែស្រុះស្រួលគ្នា ផ្តល់ជាប្រាក់ដុល្លារដល់និស្សិតតែម្តងទៅ យើងផ្តល់ប្រាក់ដុល្លារឱ្យនិស្សិតឡាវនៅកម្ពុជា ហើយឡាវផ្តល់ប្រាក់ដុល្លារឱ្យនិស្សិតកម្ពុជានៅឡាវតែម្តងទៅ សំដៅធ្វើយ៉ាងណាជួយកាត់បន្ថយការលំបាកសម្រាប់និស្សិតដែលកំពុងសិក្សា។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមដែរថា សម្រាប់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសវៀមណាត និងនៅប្រទេសដ៏ទៃទៀត គឺមិនមានចំណោទបញ្ហានោះទេ ដោយសារខាងភាគីម្ចាស់ផ្ទះ បានទទួលខុសត្រូវនៅក្នុងការចិញ្ចឹមនិស្សិតដែលកំពុងសិក្សានៅទីនោះ ទាំងនៅវៀតណាម ថៃ ជប៉ុន កូរ៉េ និងប្រទេសផ្សេងៗទៀត ប៉ុន្តែជាមួយឡាវ គឺមានគោលការណ៍បដិការ៕