(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា តាមរយៈកំណត់ទូតដែលកម្ពុជាទទួលបាន ហើយប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ លោក Anwar Ibrahim នាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ដែលទើបចូលកាន់តំណែង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមពិធីស្រាយបួសរបស់សាសនិកឥស្លាមជាមួយសម្ដេច នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង៧ពាន់នាក់ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីកម្ពុជា មិនមែនជាប្រទេសកាន់សាសនាឥស្លាមក៏ពិតមែន ប៉ុន្ដែតែងតែរៀបចំជារៀងរាល់ឆ្នាំ ដោយធ្វើការជួបជុំគ្នារវាងនាយករដ្ឋមន្ដ្រី ជាមួយសាសនិកឥស្លាម ដើម្បីរៀបចំពិធីស្រាយបួសប្រកបដោយភាពស្និតស្នាល។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានកំណត់ទូតមួយ នាយករដ្ឋមន្ដ្រីរបស់ម៉ាឡេស៉ី ដែលទើបឡើងថ្មី Anwar Ibrahim គាត់នឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា រួចហើយចូលរួមស្រាយបួសតែម្ដង។ យើងមិនមែនជាប្រទេសមុស្លឹមទេ ប៉ុន្ដែយើងមានការជួបគ្នាជាប្រចាំឆ្នាំ ក្នុងពិធីស្រាយបួសជារៀងរាល់ឆ្នាំ ហើយប្រទេសដែលកាន់សាសនាឥស្លាមមួយ នឹងមកចូលរួមទស្សនកិច្ចផ្លូវការ ហើយចូលរួមស្រាយបួសតែម្ដង»។
សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងទៀតថា កន្លងទៅនៅពេលរាជរដ្ឋាភិបាលរៀបចំពិធីស្រាយបួស គឺតែងតែមានឯកអគ្គរដ្ឋទូតបណ្ដាប្រទេសកាន់សាសនាឥស្លាម ចូលរួម រួមទាំងអគ្គលេខាធិការអង្គការ OIC ផងដែរ ហើយឆ្នាំនេះកាន់តែពិសេសដោយសារមានវត្តមានរបស់នាយករដ្ឋមន្ដ្រីម៉ាឡេស៉ី។ តាមរយៈអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់នេះ គឺបង្ហាញដោយឃើញពីភាពសុខដុមនីយកម្មរវាងជាតិសាសន និងសាសនានៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កន្លងទៅថ្មីៗនេះ សម្ដេចទើបជួបសំណេះសំណាលអបអរសាទរ ខួប១០០ឆ្នាំ នៃគ្រិស្ដសាសនានៅកម្ពុជា ដែលមានអ្នកចូលរួមជាច្រើនម៉ឺននាក់។ បើតាមអ្វីដែលគ្រោងទុកនោះ សម្ដេចក៏នឹងជួបជាមួយអាចារ្យ និងយាយជីផងដែរ។
គួរជម្រាបថា បើទោះបីរដ្ឋធម្មនុញ្ញ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ពិតមែន ប៉ុន្ដែប្រមុខនៃរាជរដ្ឋាភិបាល បានបើកឱកាសឲ្យប្រជាពលរដ្ឋគោរព និងមានជំនឿសាសនាផ្សេងៗ ក្រៅពីព្រះពុទ្ធសាសនាដោយគ្មានការបង្ខិតបង្ខំនោះឡើយ ហើយក៏ទទួលបានសិទ្ធិស្មើៗគ្នាចំពោះមុខច្បាប់។ យោងតាមរបាយការណ៍របស់ក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២២ ឥស្លាម មានវិហារ/វត្ត ចំនួន៥៧៦កន្លែង, ស៊ូរ៉ាវ ចំនួន៧៩៧កន្លែង, សាលា ចំនួន៥៥៧កន្លែង, អង្គការសមាគម ចំនួន២៤កន្លែង។ សាសនិកខ្មែរឥស្លាមសរុបរួម ចំនួន៦៩៤,៦៧៥នាក់។
គ្រិស្តសាសនា មានវិហារ/វត្ត ចំនួន៧២៦កន្លែង, ស្នាក់ការថ្វាយបង្គំ ចំនួន១,៤៣៩កន្លែង, សាលា ចំនួន១,០១៣កន្លែង, អង្គការសមាគម ចំនួន១១៧កន្លែង មានបរិស័ទ ចំនួន១១៥,១២៣នាក់។ មហាយាន កន្លែងគោរពប្រតិបត្តិ ចំនួន២៦៩កន្លែង បរិស័ទរួម ចំនួន៣៦,៧២៨នាក់។ បាហៃ កន្លែងគោរពប្រតិបត្តិ ចំនួន២២កន្លែង បរិស័ទ ចំនួន២,៨០៤នាក់។ កៅដាយ កន្លែងគោរពប្រតិបត្តិ ចំនួន៣កន្លែង បរិស័ទ ចំនួន៤៤០នាក់៕