(គុនខ្មែរ)៖ កម្ពុជាត្រៀមលើកស្លាកសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅប្រទេសចិននាពេលឆាប់ៗខាងមុខ បន្ទាប់ពីទទួលបានភ្លើងខៀវពីភាគីចិនដើម្បីជំរុញការអភិវឌ្ឍ និងផ្សព្វផ្សាយក្បាច់គុនរបស់បុព្វបុរសខ្មែរនេះឲ្យកាន់តែល្បីសុះសាយថែមទៀត។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ក្រោយពីដឹកនាំកីឡាករ លន បញ្ញា ចូលរួមប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិនៅប្រទេសចិនកាលពីថ្មីៗ។
ឯកឧត្តម ហេង សុខឃន បានបញ្ជាក់ថា ដំណើរទៅប្រទេសចិនលើកនេះទទួលបានផ្លែផ្កាជាច្រើន ពិសេសភាគីចិនបានទទួលសំណើរកម្ពុជា ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍វិស័យកីឡាគុនខ្មែរ និងឃីកបុកស៊ីងកម្ពុជា តាមរយៈជំរុញឲ្យមានការផ្លាស់ប្ដូរការប្រកួត ព្រមទាំងការសិក្សាពីគម្រោងសាងសង់សង្វៀងអន្ដរជាតិ និងសារមន្ទីរគុនខ្មែរនៅក្នុងបរិវេណកីឡដ្ឋានកងយោធពលខេមរភូមិន្ទទៀតផង។ បើតាមគម្រោងផែនការនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នកីឡាកម្ពុជា និងចិន ដើម្បីលើកកម្ពស់ការអភិវឌ្ឍគុនខ្មែរនេះនឹងចាប់ផ្ដើមក្រោយចប់ស៊ីហ្គេមលើកទី៣២ នៅកម្ពុជានាខែឧសភាខាងមុខ។ មិនតែប៉ុណ្ណោះភាគីកម្ពុជាក៏ត្រៀមបញ្ជូនគ្រូបង្វឹកទៅចែករំលែកស្នៀតពិសេសៗរបស់ក្បាច់គុនបុរាណខ្មែរ ពិសេសស្នៀត “កែង” ដល់កីឡាករ-កីឡាការិនីចិនផងដែរ៕