(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ បាននិយាយថាទីក្រុងមូស្គូ នឹងបង្កើនការផលិតរថក្រោះទំនើបៗ ជាការឆ្លើយតបទៅនឹងការផ្គត់ផ្គង់អាវុធ ពីសំណាក់បណ្ដា ប្រទេសលោកខាងលិចទៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក ម៉េដវេដេវ ធ្វើការកត់សម្គាល់ខាងលើ នាឱកាសបំពេញទស្សនកិច្ចទៅកាន់ទីក្រុងអ៊ុមស្កិ៍ (Omsk) នៃតំបន់ស៊ីបេរី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
អតីតប្រធានាធិបតីរុស្ស៉ីរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «យើងដឹងថា សត្រូវរបស់យើង (អ៊ុយក្រែន) បាននិងកំពុងទទូចសុំយន្ដហោះចម្បាំង មីស៊ីល និងរថក្រោះពីក្រៅប្រទេស (លោកខាងលិច)។ ដូច្នេះវា ច្បាស់ណាស់ថាក្នុងករណីនេះ វាជារឿងធម្មតាសម្រាប់ពួកយើង ដែលត្រូវតែបង្កើនការផលិតអាវុធ ក្នុងនោះរួមមានទាំងរថក្រោះទំនើបៗ»។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានបំពេញដំណើរទស្សនកិច្ចទៅកាន់បណ្ដាប្រទេសជាច្រើននៅអឺរ៉ុប ក្នុងសប្ដាហ៍នេះ ដើម្បីព្យាយាមបញ្ចុះបញ្ចូលឱ្យ ប្រទេសលោកខាងលិចផ្ដល់យន្ដហោះចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយដល់ទាហានអ៊ុយក្រែន ខណៈលោកផ្ទាល់បានព្រមានថាប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៉ី បានចាប់ផ្ដើមហើយនៅឯតំបន់ភាគខាងកើតនៃប្រទេស៕