កាតា ៖ ឆ្នាំ២០២២ បានក្លាយជាឆ្នាំដ៏អាក្រក់ និងឈឺចាប់បំផុត សម្រាប់កំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ខណៈការធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ត្រឹមវគ្គ៨ក្រុមចុងក្រោយ កាលពីថ្មីៗនេះ បានក្លាយជាការឈឺចាប់ចុងក្រោយ របស់អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United វ័យ៣៧ឆ្នាំរូបនេះ។
ខាងក្រោមនេះ រឿងរ៉ាវអាក្រក់ និងឈឺចាប់ ដែលខ្សែប្រយុទ្ធ Cristiano Ronaldo បានឆ្លងកាត់នៅក្នុងឆ្នាំ២០២២ នេះ ៖
នៅវេលារំលងអាធ្រាត្រថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែមេសា កន្លងទៅ Ronaldo និងមិត្តស្រីរបស់គេគឺនាង Georgina Rodriguez បានប្រកាសដំណឹងដ៏សោកស្តាយបំផុត ក្រោយកូនប្រុសក្នុងចំណោមកូនភ្លោះប្រុស-ស្រីរបស់ពួកគេ បានស្លាប់នៅពេលសម្រាល។
ធ្លាក់ទម្រង់លេង បាត់បង់សេចក្តីទុកចិត្ត បណ្តាលឱ្យអ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man United លោក Erik ten Hag សម្រេចដាក់ខ្សែប្រយុទ្ធរូបនេះ នៅកៅអីបម្រុង និងមានរឿងរកាំរកូសជាបន្តបន្ទាប់ជាមួយក្លិប ហើយក្រោយមក រងការវាយប្រហារជាច្រើនលើបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា នៅជុំវិញពិភពលោក។
នៅចុងខែកញ្ញា លោក Jordan Peterson ដែលជាអ្នកជំនាញផ្នែកចិត្តសាស្ត្របានទម្លាយរឿងដ៏ភ្ញាក់ផ្អើលមួយថា ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងស្ថិតក្នុងស្ថានភាពបាក់ទឹកចិត្ត ដែលគ្រប់គ្នាពុំបានដឹងទាល់តែសោះ ចាប់តាំងពីកូនប្រុសរបស់គេបានស្លា.ប់ ហើយរូបគេបានស្វែងរកការព្យាបាល ដូច្នេះគ្រប់គ្នាគួរតែយល់ពីគេ គេមិនមែនស្ថិតក្នុងស្ថានភាពល្អនោះទេ។ លោក Peterson សង្ឃឹមថា Ronaldo ឆាប់ជាសះស្បើយ នឹងវិលត្រឡប់មកសភាពដើមវិញ។
នៅថ្ងៃទី១៣ ខែវិច្ឆិកា រឿងដ៏ភ្ញាក់ផ្អើលមួយទៀត បានកើតឡើង ដោយនៅទីបំផុត Ronaldo បានចេញទម្លាញអារម្មណ៍ដ៏ឈឺចា.ប់ថា ខ្លួនមានអារម្មណ៍ថា ត្រូវបានគេក្បត់នៅក្នុងក្លិប Man United ដើម្បីបង្ខំឱ្យរូបគេចាកចេញពីក្លិបជើងឯកលីគកំពូលអង់គ្លេស ២០សម័យកាលមួយនេះ។
នៅថ្ងៃទី២២ ខែវិច្ឆិកា ក្លិប Manchester United បានប្រកាសចែកផ្លូវជាមួយ Ronaldo អំឡុងពេលដែលខ្សែប្រយុទ្ធរូបនេះ កំពុងជាប់បំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅព្រឹត្តិការណ៍ World Cup 2022 នៅកាតា។
អំឡុងការប្រកួត World Cup 2022 ពោលគឺ២ប្រកួតចុងក្រោយ នៅវគ្គ១៦ និង៨ក្រុម Ronaldo ត្រូវបានលោក Fernando Santos គ្រូបង្វឹកព័រទុយហ្គាល់ សម្រេចទម្លាក់ចេញពីបញ្ជីកីឡាករជម្រើស១១នាក់ដំបូង ហើយត្រូវបានជំនួសដោយខ្សែប្រយុទ្ធវ័យក្មេង Gonçalo Ramos ។
ការឈឺចាប់ចុងក្រោយ គឺក្រុមបញ្ចាខែលព័រទុយហ្គាល់ធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup 2022 នៅត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោយចាញ់ក្រុមតោកំណាចដែនដីអាត្លាស់ម៉ារ៉ុក ដោយលទ្ធផល ១-០ ដែលគ្រប់គ្នាបានឃើញ Ronaldo សម្រក់ទឹកភ្នែកតាំងពីនៅលើទីលាន រហូតដល់ចូលបន្ទប់ផ្លាស់សំលៀកបំពាក់។
ការប្រកួតនៅប្រទេសកាតា ទំនងជាព្រឹត្តិការណ៍ World Cup ចុងក្រោយរបស់ Ronaldo ខណៈដែលវីរបុរសបាល់ទាត់ព័រទុយហ្គាល់វ័យ៣៧ឆ្នាំរូបនេះ នៅតែមិនអាចសម្រេចបំណងប្រាថ្នាដ៏ធំបំផុតរបស់ខ្លួន ដើម្បីឈ្នះពានរង្វាន់មាស ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក មុនពេលចូលនិវត្តន៍។
ទាំងនេះជាសមាសភាពក្រុម ដែលត្រូវតទល់គ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ World Cup 2022 ៖
-ថ្ងៃទី១៣ ខែធ្នូ ៖ អាហ្សង់ទីន ត្រូវប៉ះ ក្រូអាត នៅវេលាម៉ោង ០២:០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ
-ថ្ងៃទី១៤ ខែធ្នូ ៖ បារាំង ត្រូវប៉ះ ម៉ារ៉ុក នៅវេលាម៉ោង ០២:០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ៕