ភ្នំពេញ ៖ អ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបង សមាគមកីឡា ប្រដាល់ក្រសួងការពារជាតិ ឡើងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ នៃព្រឹត្តិការណ៍ បើកការប្រកួតកីឡា ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេច ពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាម ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ។
អ្នកប្រដាល់ ឈុត សេរីវ៉ាន់ថងបានយកឈ្នះលើអ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡា នៃសមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ ដោយពិន្ទុនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនTV5 ព្រែកថ្លឹងក្នុងពូល B ធ្វើឲ្យអ្នកប្រដាល់រូប មានឳកាសឡើង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទោះបីរូបគេនៅសល់មួយ ប្រកួតទៀតក៏ដោយ ។
ចំណែកអ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡានៃសមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ កំពុងពិបាកក្នុងការរក្សាកៅអី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីចាញ់អ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ពីព្រោះជុំទី៣នេះរូប គេនឹងអ្នកប្រដាល់ រិន ដេវីត ក្លិបនាគរាជចតុមុខ នៃសមាគម កីឡាប្រដាល់ ក្រសួងមហាផ្ទៃ បានផ្តួលអ្នកប្រដាល់ សៀវ ង៉ុយ ក្លិបអភិរក្សគុនខ្មែរ រុងរឿងឲ្យបោះបង់ការប្រកួតត្រឹមទឹកទី៤ ។
ចំពោះអ្នកប្រដាល់ សៀវ ង៉ុយ ត្រូវធ្លាក់ ដោយស្វ័យប្រវត្តិហើយ ដោយសារ២ប្រកួតកន្លងទៅ ចាញ់ទំាង២តែម្តង ហើយប្រកួតទី៣ ប៉ះអ្នកប្រដាល់ជើងខ្លាំង ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។
ព្រឹត្តិការណ៍ ប្រកួតកីឡា ប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះពិត ជាបានចូលរួមចំណែកជាមួយ នឹងការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាចូលរួមចំណែកផ្សព្វផ្សាយ នូវសមិទ្ធិផលរីកចម្រើន លើគ្រប់ វិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែកលើកស្ទួយ វិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ៕ដោយ៖លី ភីលីព