ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ខេត្តសៀមរាប មិនត្រឹមតែជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រតែមួយមុខទេ តែជាខេត្តដែលសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ និង រមណីយដ្ឋានកែច្នៃជាច្រើន ដែលទើបតែបង្កើតឡើងថ្មីៗ មានប្លង់ថតរូបស្អាតៗ ទាក់ទាញដួងចិត្តមហាជន ឱ្យចង់ទៅទស្សនាកម្សាន្ត។
ថ្មីៗនេះផងដែរ មហាជនអ្នកលេងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវទេសភាពដ៏ស្រស់ត្រកាល ស្ថិតនៅទីតាំងកន្លែងលម្ហែមួយកន្លែង នៅជើងភ្នំគូលែន នាទឹកដីស្រុកស្វាយលើ ក្នុងរដូវធម្មជាតិដ៏ខៀវខ្ចីនេះ។
ទីតាំងដ៏ស្រស់ត្រកាលនេះ មានឈ្មោះថា «អាហារដ្ឋានធិស័ក្តិ» ដែលបើកបម្រើសេវាម្ហូបអាហារ និងកន្លែងគេង ព្រមទាំងមានទីតាំង ស្ថិតនៅឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប (ជិតផ្សារស្វាយលើ ផ្លូវឡើងភ្នំគូលែនខាងកើត)។ មិនតែប៉ុណ្ណោះ កន្លែងដ៏ស្រស់ស្អាត ប្រកដដោយភាពស្រស់បំព្រងនេះ ស្ថិតកៀកជើងភ្នំ ដែលអាចឱ្យប្រិយមិត្តទស្សនាទិដ្ឋភាពបៃតងខ្ចី ទទួលយកខ្យល់អាកាសត្រជាក់ ជាមួយអ័ព្ទដេដាស គួរឱ្យទាក់ទាញក្រៃលែង៕