គៀវ៖ មន្ត្រីអ៊ុយក្រែនកំពុងជំរុញអ្នកស្រុក ដែលនៅសេសសល់ក្នុងតំបន់ Donetsk ជម្លៀសខ្លួនទៅកាន់តំបន់ដែលមាន សុវត្ថិភាពជាងមុន ខណៈដែលកងកម្លាំងរុស្ស៊ី កំពុងខិតទៅជិតដែនដីភាគខាងកើត។
ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Donetsk លោក Pavlo Kyrylenko បានឲ្យដឹងថា “ប្រទេសរុស្ស៊ី បានប្រែក្លាយតំបន់ Donetsk ទាំងមូលទៅជាចំណុចក្តៅ ដែលជាកន្លែងដែលវាមានគ្រោះថ្នាក់ ក្នុងការស្នាក់នៅសម្រាប់ជនស៊ីវិល”។ លោកបានលើកឡើងថា “ខ្ញុំអំពាវនាវឱ្យមនុស្ស ទាំងអស់ជម្លៀសខ្លួនចេញ ការជម្លៀសជួយសង្គ្រោះជីវិតមនុស្ស ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN។
អ៊ុយក្រែន នៅតែគ្រប់គ្រង ៤៥ភាគរយ នៃតំបន់ Donetsk ប៉ុន្តែបន្ទាប់ពីបានកាន់កាប់ទីតាំង Lysychansk ក្នុងតំបន់ Luhansk ដែលនៅជិតខាងនោះ កងកម្លាំងរុស្ស៊ីឥឡូវនេះកំពុងឆ្ពោះទៅកាន់តំបន់ Kramatorsk និង Slovyansk ។
ការវាយប្រហារជាថ្មីបាន បង្កើនល្បឿននៃការជម្លៀស ប៉ុន្តែមនុស្សភាគច្រើនបានចាកចេញពី ទីក្រុងរួចហើយ នេះបើយោងតាម ប្រធានរដ្ឋបាលយោធា-ស៊ីវិលលោក Vadym Liakh ។
លោកបន្ថែមថា “អ្នកដែលបានឃើញ (អ្វីដែលបានកើតឡើងនៅ Severodonetsk ឬ Lysychansk) បានចាកចេញជាយូរមកហើយ។ ឥឡូវនេះមានអ្នកស្រុកប្រហែល ២៣០០០នាក់នៃតំបន់ Slovyansk (ក្នុងចំណោមប្រហែល ១០ម៉ឺននាក់) ដែលនៅតែមាននៅក្នុងទីក្រុងនេះ”។
ដោយសារតែការកើនឡើងនៃ លំហូរអ្នកដំណើរចាកចេញពីទីក្រុង Donetsk ក្រុមហ៊ុនផ្លូវដែកអ៊ុយក្រែនបានឲ្យដឹងថា ខ្លួននឹងបន្ថែមរទេះភ្លើងបន្ថែម ដើម្បីជួយសម្រួលដល់ចលនារបស់មនុស្ស ៕