ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារបក្ស ចុះជួយខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្ដម គង់ ដួង សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ព្រមទាំងសមាជិក សមាជិកាបក្ស មួយចំនួនទៀត បានអញ្ជើញចុះសំណេះសំណាលជាមួយអតីតសមាជិក សមាជិកាការគណបក្សភ្លើងទៀនចំនួន ៣២នាក់ មកពីភូមិកោះកែវ និងភូមិស្រែអន្ទាក់ ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបានសម្រេចចិត្តមកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
អតីតសមាជិកបក្សភ្លើងទៀនម្នាក់បានបញ្ជាក់ថា ការដែលរូបលោក និងសមាជិក សមាជិកា ដទៃទៀតសម្រេចចិត្តចាកចេញពីគណបក្សភ្លើងទៀន មកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារមើលឃើញពីភាពខ្វះចន្លោះរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះ ដែលតាំងពីដើមរៀងមក មិនដែលឃើញមកជួយដល់ប្រជាពលរដ្ឋនៅក្នុងភូមិឡើយ នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក , ជួបគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ គឺឃើញតែក្នុងពេលឃោសនាបោះឆ្នោតតែប៉ុណ្ណោះ ។ សកម្មភាពនេះគឺផ្ទុយស្រឡះពីគណបក្សប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំដ៏ល្អ មានការគិតគូរខ្ពស់ពីប្រជាពលរដ្ឋ និងជួយដល់ប្រជាពលរដ្ឋនៅពេលជួបគ្រោះលំបាកផ្សេងៗ ពិសេស នៅពេលដែលប្រជាពលរដ្ឋក្នុងភូមិជួបគ្រោះទឹកជំនន់ និងជួបគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗទៀត គឺមានតែឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ព្រមទាំងក្រុមការងារជាច្រើនទៀត បានមកជួយដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។
ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារបក្សចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការសម្រេចចិត្តរបស់បងប្អូនសមាជិក សមាជិកា គណបក្សភ្លើងទៀន មកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ សូមទទួលស្វាគមន៍ និងសូមអបអរសាទរ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា មានតែគណបក្សប្រជាជនកម្ពុជាមួយទេ ដែលតែងតែរស់នៅ រួមសុខ រួមទុក្ខ ជាមួយប្រជាជន និងជួយដោះស្រាយតម្រូវការជាក់ស្ដែងរបស់ប្រជាជន និងការលំបាក, ការប្រឈមគ្រប់យ៉ាងរបស់ប្រជាជន។ គណបក្សប្រជាជនកម្ពុជាធានាបាននូវអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី និងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្ដែងក្នុងពេលថ្មីៗកន្លងមកនេះ ដោយសារការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ទទួលបាននូវភាពជោគជ័យយ៉ាងត្រចេះត្រចង់ក្នុងការស្វះស្វែងរកនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសធ្វើអោយ ប្រជាពលរដ្ឋកម្ពុជាមានភាពសាំក្នុងសហគមន៍ អាចគេចផុតពីជំងឺកូវីដ-១៩ ដែលនៅប្រទេសជាច្រើននៅជុំវិញពិភពលោក កំពុងមានការញាំញីដោយសារជំងឺកូវីដ-១៩ នេះនៅឡើយ។ ឯកឧត្តមក៏បានបន្តអំពាវនាវដល់សមាជិក សមាជិកា គណបក្សដទៃទៀត បន្តមកចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់បងប្អូន និងដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ីឈាន ក៏បាននាំយកនូវអំណោយមួយចំនួន មកចែកជូនដល់សមាជិកសមាជិកាបក្ស ទាំង៣២នាក់នេះ ដោយម្នាក់ៗទទួលបានអង្ករចំនួន ៥០ គីឡូក្រាម មី ១កេស និងថវិកាចំនួន ៤០ម៉ឺនរៀល៕ ដោយ វួច ពឿន AKP ប៉ៃលិន