រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នាល្ងាចថ្ងៃទី៨ ខែមិថុនានេះ បានសុំទោសកម្ពុជា ទាក់ទងនឹងការប្រើប្រាស់ទង់ជាតិកម្ពុជា ដោយខុសទាំងការរចនា និងពណ៌ សម្រាប់ព្រឹត្តិការណ៍ប្រកួតវគ្គជម្រុះ AFC Asian Cup ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌា ។
នៅក្នុងលិខិតរបស់លោក Shin Man Gil អគ្គលេខាធិការរងទទួលបន្ទុកការប្រកួត និងបាល់ទាត់ បានផ្ញើលិខិតសុំទោសដោយផ្ទាល់ទៅកាន់លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដែលមានខ្លឹមសារ(សុំបកប្រែក្រៅផ្លូវការ)ថា «ជាការឆ្លើយតបទៅនឹងបញ្ហាខាងលើ, វាជារឿងគួរឱ្យសោកស្ដាយដែលទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានផលិតឡើង សម្រាប់ការប្រកួត មិនត្រូវតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់នៅត្រង់ ផ្នែករចនា និងពណ៌ ។ ដូច្នេះ យើងសូមជូនដំណឹងថា AFC នឹងប្រើប្រាស់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជារូបភាពក្រាហ្វិកវិញ នៅលើស្គ្រីនធំមួយសម្រាប់ការប្រកួត ដែលនឹងចាប់ផ្ដើមនៅប៉ុន្មានម៉ោងខាងមុខ ហើយនេះ គឺជាការអនុវត្តជាទម្លាប់ធម្មតា នៅក្នុងករណីមានបញ្ហាបែបនេះកើតឡើង សម្រាប់រយៈពេល ២ឆ្នាំចុងក្រោយនេះ នៅក្នុងការប្រកួតរបស់ AFC» ។
សូមជម្រាបឡើងវិញថា «នាយឧត្តមសេនីយ៍ សៅ សុខា ព្រមានទុកពេល៣ម៉ោងឲ្យសហព័ន្ធបាល់ទាត់អាស៊ី AFC និងម្ចាស់ផ្ទះឥណ្ឌា សុំទោសកម្ពុជា ជាបន្ទាន់!» នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសតាមរយៈសារព័ត៌មានក្នុងស្រុក ដោយព្រមានទុករយៈពេល៣ម៉ោងឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ត្រូវធ្វើលិខិតសុំទោសកម្ពុជាជាបន្ទាន់ ! បើពុំដូច្នោះទេ យន្តហោះនឹងដឹកកីឡាករកម្ពុជា ត្រឡប់មកប្រទេសកម្ពុជាវិញ ដោយមិនធ្វើការប្រកួតនោះទេ ។
នាយឧត្តមសេនីយ៍ សៅ សុខា បានព្រមានបែបនេះ ដោយសារតែពួកគេមិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែរ ។
សូមបញ្ជាក់ថា នៅម៉ោង១០យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌា ដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយ ពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា ប្រទេសឥណ្ឌា ៕