រាជធានីភ្នំពេញ ៖ លោក Syai Fulihsanប្រធានសហព័ន្ធកីឡាម៉ូតូទឹកទ្វីបអាស៊ីបានសន្យាថាផ្ដល់អ្នកបច្ចេកទេសដើម្បីជួយប្រសិនបើកម្ពុជារៀបចំការប្រកួតកម្រិតអន្តរជាតិពិសេសស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការប្រកួតកីឡាម៉ូតូទឹកជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីពេលថ្មីៗកន្លងមកនេះ កម្ពុជាប្រជែងបានមេដាយមាសចំនួន៣ក្នុងចំណោមអត្តពលិកចំនួន៦០នាក់មកពី៤ប្រទេស ។
ជ័យជម្នះនេះ បានធ្វើឲ្យបណ្ដាប្រទេសអាស៊ានកោតសរសើរព្រមទាំងវាយតម្លៃថាទីលានប្រកួតមានកម្រិតស្ដង់ដារអន្តរជាតិ ការរៀបចំល្អប្រសើររួមជាមួយកីឡាករមានសក្ដានុពលទៀតផង ។
លោកវ៉ា វណ្ណារាជ្យ ដែលជាអ្នកជំនាញម៉ូតូទឹកកម្ពុជាបញ្ជាក់ថា ការអនុវត្តផ្ទាល់ជាមួយអ្នកជំនាញអន្តរជាតិធ្វើឲ្យអ្នកជំនាញកម្ពុជាយល់កាន់តែច្បាស់ពីបច្ចេកទេស ការពិនិត្យមើលអាកាសធាតុ
ការរៀបចំទីលានទាញពោងចងខ្សែទម្លាក់ក្នុងទឹក ការដាក់ពិន្ទុ រួមជាមួយការពិនិត្យពីបច្ចេកទេសម៉ាស៊ីន ។ ក្រោយពីបានទទួលបទពិសោធន៍បន្ថែមពីអ្នកជំនាញអន្តរជាតិ លោកបានអះអាងថា ការរៀបចំការប្រកួតកីឡាជាតិលើកទី៣ នាចុងឆ្នាំនេះ កម្ពុជានឹងប្រើប្រាស់អ្នកជំនាញបរទេសឲ្យតិចបំផុត ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តព្រះសីហនុ មានកីឡាករ៦០នាក់ មកពី៤ប្រទេសចូលរួម ។ ជាលទ្ធផល លេខ១បានទៅប្រទេសថៃ ដែលដណ្តើមបានមេដាយសរុប១២គ្រឿង មាស៤ ប្រាក់៤ និងសំរឹទ្ធ៥គ្រឿង ។ លេខ២បានមកកម្ពុជាដែលដណ្តើមបានមេដាយសរុប ៨គ្រឿង មាស៣ ប្រាក់២ និងសំរឹទ្ធ២ ហើយលេខ៣គឺម៉ាឡេស៊ីដណ្តើមបានមេដាយប្រាក់១គ្រឿង។
បើតាមការបញ្ជាក់របស់ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ការប្រកួតនេះគឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣។ ទី១វាស់ស្ទង់សមត្ថភាពអត្តពលិកនិងគុណផលកីឡា សម្រាប់ត្រៀមដណ្តើមមេដាយនៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។
ទី២ វាស់ស្ទង់សមត្ថភាពគណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធត្រៀមធ្វើជាម្ចាស់ផ្ទះ នៅកម្ពុជា ឆ្នាំ២០២៣ និងទី៣ ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា ។ ជាពិសេសបង្ហាញពីការចាប់ផ្តើមស្ដារសង្គមសេដ្ឋកិច្ចឡើងវិញក្នុង និងក្រោយស្ថានភាពវិបត្តិជំងឺកូវីដ-១៩៕