ខេត្តក្រចេះ ៖ អ្វីៗដែលកោះសាមសិប មាននោះ គឺជាតំបន់ធម្មជាតិដែលស្រស់បំព្រង មើលទៅជ្រុងណាក៏ជក់ចិត្ត និងទាក់ទាញ ។ ហេតុដូច្នេះហើយទើបភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានទៅដល់ទីនោះសុទ្ធតែបានបង្ហាញអារម្មណ៍រីករាយ កោតសរសើរ និងចាត់ទុកតំបន់សហគមន៍ទេសចរណ៍កោះសាមសិប ជាដែកឆក់ថ្ពក់យកបេះដូងពួកគេទាំងពេលនេះ និងអនាគត ។
លោក អ៊ូ សុខា អនុប្រធានសហគមន៍អេកូទេសចរណ៍កោះសាមសិប បានឱ្យដឹងថា សហគមន៍បង្កើតទើបតែបានប្រហែលជាកន្លះឆ្នាំ ស្រាប់តែផ្ទុះកូវីដ ១៩ តែម្តង ។ ដូច្នេះហើយភ្ញៀវទេសចរដែលមកដល់សហគមន៍នេះនៅមានកម្រិតទាបនៅទ្បើយ ។ ប៉ុន្តែក្រោយពេលដែលរាជរដ្ឋាភិបាលសម្រេចបើកប្រទេសទ្បើងវិញ ចរន្តភ្ញៀវទេសចរបានចាប់ផ្តើមមានជាបណ្តើរៗ ។ លោកអះអាងថា មិនយូរនោះទេតំបន់នេះនឹងក្លាយជាតំបន់ទេសចរណ៍គួរឱ្យទាក់ទាញមិនខាន ឬអាចនិយាយថា វានឹងក្លាយជាដែកឆក់ទាក់ទាញភ្ញៀវទេសចរណ៍ សំខាន់ភ្ញៀវទេសចរដែលចូលចិត្តសម្រស់ធម្មជាតិពិតៗ ព្រោះនៅតំបន់នេះ គឺជាតំបន់ធម្មជាតិទាំងស្រុងពុំមានការកែឆ្នៃនោះទ្បើយ ។
បច្ចុប្បន្ននេះ សហគមន៍អេកូទេសចរណ៍កោះសាមសិប មិនទាន់មានរៀបចំជាផ្ទះសំណាក់សម្រាប់ទទួលភ្ញៀវទេសចរនៅទ្បើយទេ ប៉ុន្តែភ្ញៀវអាចបោះតង់ដេកតាមឆ្នេរខ្សាច់ដែលលាតសន្ធឹងវែងអន្លាយ លាយទ្បំទៅដោយទឹកថ្លាឆ្វេងនិងរុក្ខជាតិពណ៌ខៀវស្រងាត់មើលទៅត្រជាក់ចិត្តមែនទែនតែម្តង ។
ប្រជាសហគមន៍អំពាវនាវភ្ញៀវទេសចរអញ្ជើញទៅកាន់តំបន់សហគមន៍អេកូទេសចរកោះសាមសិប ។ វត្តមានអ្នកទេសចរទៅកាន់ទីនោះជាការជំរុញវិស័យទេសចរ លើកទឹកចិត្តប្រជាសហគមន៍ថែរក្សាធនធានធម្មជាតិ និងជួយលើកកម្ពស់ជីវភាពពលរដ្ឋផងដែរ ។ លោកអនុប្រធានសហគមន៍រូបនោះបញ្ជាក់ឱ្យដឹងដែរថា សម្រាប់ជីវភាពប្រជាសហគមន៍ សំខាន់គ្រួសារលោកតែម្តង ដែលមុននេះប្រកបមុខរបរធ្វើស្រែចម្ការតែមួយមុខ ដូច្នោះជីវភាពមានការខ្វះខាត ប៉ុន្តែពេលបង្កើតសហគមន៍ ពលរដ្ឋមិនថាគ្រួសារគេ គ្រួសារលោក មានមុខរបរ តាមរយៈសេវាកម្មទេសចរណ៍បន្ថែមទៀត ហើយអាចនិយាយថា ជីវភាពបានកើនមួយកម្រិតទៀត ។
លោក អ៊ូ សុខា រៀបរាប់ថា ប្រសិនពលរដ្ឋមានទូកសម្រាប់ដឹកទេសចរមួយគ្រឿង ក្នុងមួយសប្តាហ៍អាចរកកម្រៃបានពីជាង ១០ ម៉ឺន ទៅ ២០ ម៉ឺនរៀល ។ កម្រៃនេះ គឺបង់ឱ្យខាងសហគមន៍ប្រមាណ ២០% សម្រាប់ទ្រទ្រង់សកម្មភាពនានា ៕