រាជធានីភ្នំពេញ ៖ លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានបង្ហើបពីគម្រោង និងគោលដៅរបស់សហព័ន្ធគឺធ្វើយ៉ាងណាប្រជែងឲ្យបានពី៧ទៅ១០មេដាយមាសក្នុងចំណោម២១វិញ្ញាសាសរុប សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ថ្លែងក្នុងឱកាសបិទកម្មវិធីប្រកួតជើងឯកថ្នាក់ជាតិកាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកអគ្គលេខាធិការរងខាងលើបានឲ្យដឹងថា ក្នុងផែនការមេឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ល្បុក្កតោកំណត់យក២១វិញ្ញាសាទាំងវិញ្ញាសាសម្ដែង ទម្រង់មេគុន និងវិញ្ញាសាប្រយុទ្ធ ។ ក្នុងចំណោម២១វិញ្ញាសានោះល្បុក្កតោកំណត់ថា នឹងធ្វើយ៉ាងណាយកឲ្យបានពី៧ទៅ១០មេដាយមាស។
លោកបន្ថែមថា រហូតមកដល់ពេលនេះប្រទេសដែលជាសមាជិកគុនល្បុក្កតោមាន ឥណ្ឌូណេស៊ី, ហ្វីលីពីន, ឡាវ, ម៉ាឡេស៊ី, និងកម្ពុជា ។ យ៉ាងណាក៏ដោយ ដើម្បីពង្រឹងសមត្ថភាពក្នុងការរៀបចំដល់ស៊ីហ្គេមឆ្នាំ២០២៣ ល្បុក្កតោកម្ពុជានៅមានគោលដៅធំៗមួយចំនួនទៀតដើម្បីរៀបចំធ្វើ ពិសេសគឺការរៀបចំព្រឹត្តិការណ៍ Pre SEA Games តែម្ដង ដែលធ្វើយ៉ាងណាអញ្ជើញបណ្ដាប្រទេសដែលជាសមាជិកមកចូលរួម ។
ក្នុងនោះដែរល្បុក្កតោក៏នៅមិនទាន់រៀបចំការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ដែរ ដែលគម្រោងនេះនឹងធ្វើឡើងក្នុងពេលឆាប់ៗក្នុងគោលដៅមួយគឺពង្រឹងគ្រប់ផ្នែកមានដូចជាមន្ត្រីបច្ចេកទេស មន្ត្រីអាជ្ញាកណ្ដាល មន្ត្រីជំនាញ និងពិសេសមួយទៀតនោះគឺគុណភាពកីឡាករជាដើម ។ ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ បានពន្យារពេលមកជាច្រើនខែដោយសារកូវីដ-១៩ ហើយទើបតែសម្រេចមកធ្វើថ្ងៃនៅទី២៥-២៧ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមាន២៧សាលាគុន និងមានកីឡាករ-កីឡាការិនី,គ្រូបង្វឹកសរុបចំនួន ២០០នាក់ចូលរួម ។ មានវិញ្ញាសាចំនួន២១ប្រភេទ ក្នុងនោះមានវិញ្ញាសាសម្ដែងទម្រង់មេគុណ១២ បុរស-នារី និងវិញ្ញាសាប្រយុទ្ធមាន ៩ ប្រភេទទម្ងន់បុរស-នារី ៕