ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា ការកើនឡើងថ្លៃជ្រូករស់មួយផ្នែកបង្កឡើងដោយកង្វះយន្ដការប្រកួតប្រជែងប្រកបដោយតម្លាភាព រវាងក្រុមហ៊ុននាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់មកប្រទេសកម្ពុជា។ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើលិខិតជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការសុំផ្អាកការផ្តួចផ្តើមលើការរៀបចំនីតិវិធីដេញថ្លៃជ្រូករស់ សម្រាប់នាំចូលមកប្រទេសកម្ពុជា។
យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច នាពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ថ្លៃសាច់ជ្រូកនៅលើទីផ្សារកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ពី ១៦,៥០០រៀល ក្នុង១គីឡូក្រាម ទៅ ១៧,០០០ រៀល ក្នុង១គីឡូក្រាម ជាមធ្យម ក្នុងអំឡុងឆ្នាំ២០១៩ និង២០២០ រហូតដល់ ២៥,០០០រៀល ក្នុង១គីឡូក្រាម ទៅ ២៦,០០០ រៀល ក្នុង១គីឡូក្រាម ជាមធ្យម ក្នុងអំឡុងឆ្នាំ២០២១, ដែលការណ៍នេះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសក្នុងបរិបទ នៃប្រក្រតីភាពថ្មី ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩។
ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ការកើនឡើងថ្លៃជ្រូករស់មួយផ្នែក បង្កឡើងដោយកង្វះយន្តការប្រកួតប្រជែងប្រកបដោយតម្លាភាព រវាងក្រុមហ៊ុននាំចូលជ្រូករស់សម្រាប់ផ្គត់ផ្គង់មកប្រទេសកម្ពុជា។ ជាក់ស្ដែង ក្រុមហ៊ុនមួយចំនួនតូច ដែលទទួលបានគោលការណ៍នាំចូលជ្រូករស់ បានលក់ជ្រូករស់ក្នុងថ្លៃមួយខ្ពស់ ពោលគឺ ១១,០០០រៀល ក្នុង១គីឡូក្រាម ជាមធ្យម ក្នុងឆ្នាំ២០១៩ និង២០២០ រហូតដល់ ១៤,០០០រៀល ក្នុង១គីឡូក្រាម ជាមធ្យមក្នុងអំឡុងឆ្នាំ២០២១ (ក្រុមហ៊ុនទិញពីកសិដ្ឋាននៅប្រទេសថៃ នាពេលកន្លងមក ស្ថិតនៅក្នុងចន្លោះ ៦,៥០០ រៀល ក្នុង១គីឡូក្រាម ទៅ៧,០០០ រៀល ក្នុង១គីឡូក្រាម ជាមធ្យម)»។
ឧបនាយករដ្ឋមន្ដ្រី បានបន្ដថា ជារួម ការរៀបចំយន្តការ នៃការដេញថ្លៃនាំចូលជ្រូករស់ គឺដើម្បីធានាឲ្យបាននូវការផ្គត់ផ្គង់ជ្រូករស់ពីការនាំចូល ក្នុងថ្លៃមួយប្រកបដោយភាពប្រកួតប្រជែង ដើម្បីរក្សាស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃលក់សាច់ជ្រូកនៅលើទីផ្សារក្នុងកម្រិតមួយសមរម្យ។
លោក បញ្ជាក់ទៀតថា យន្តការនៃការដេញថ្លៃនាំចូលជ្រូករស់ គឺនឹងត្រូវប្រើប្រាស់នៅពេលមានកង្វះការផ្គត់ផ្គង់ជ្រូកក្នុងស្រុកតែប៉ុណ្ណោះ ពោលពុំត្រូវបានយកមកអនុវត្តជាប្រចាំនោះឡើយ៕