រាជធានីភ្នំពេញ ៖ ក្រោយពីខកខានបង្ហាញខ្លួនអស់មួយរយៈព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Mountain Bike Series ត្រូវគេឃើញដំណើរការប្រកួតឡើងវិញហើយ ដោយការប្រកួតកាលពីជុំទី១ គឺបានធ្វើឡើងនៅខេត្តកំពង់ស្ពឺ។ នេះជាការបង្ហាញខ្លួន ក្រោយខកខានរៀបចំអស់១ឆ្នាំ ដោយសារជំងឺរាតត្បាតសកលកូវីដ-១៩។ ការប្រកួតជុំទី១នោះ ធ្វើឡើង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា នៅទីលានភ្នំជាល ខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមច្រើនលើសការរំពឹងទុកនោះផង គឺរហូត៤៧៨នាក់។
ក្រោយបញ្ចប់ការប្រកួតជុំទី១នេះ អ្នកចូលរួមប្រកួតមិនតិចទេបង្ហាញអារម្មណ៍រីករាយ ដោយពួកគេចាត់ទុកថា នេះគឺជាកំដៅសាច់ដុំថ្មី ដើម្បីប្រមូលកម្លាំងក្នុងពេលបន្តបន្ទាប់ផង។
យោងតាមការប្រកាស សម្រាប់ការប្រកួតនៅជុំទី២ គឺគ្រោងធ្វើឡើងនៅទីលាននៅព្រែកលៀប រាជធានីភ្នំពេញ ដោយគណៈកម្មការបានកំណត់យកថ្ងៃទី១២ ខែធ្នូ និងជុំទី៣ គ្រោងប្រកួតនៅកំពូលភ្នំគីរីរម្យ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
គណៈកម្មការបច្ចេកទេសទីលានប្រកួតធ្លាប់បានបញ្ជាក់ថា សហព័ន្ធខ្មែរកីឡាទោចក្រយាន ( ប្រណាំងកង់ ) សម្រេចយកទីលានបើកឆាកនៅខេត្តកំពង់ស្ពឺ គឺដោយសារតែមានលក្ខណៈសមស្រប និងដើម្បីប្រមូលកម្លាំងអ្នកជំនាញជិះកង់ប្រណាំងអាជីពទាំងអស់អោយបានបង្ហាញសមត្ថភាព។ នេះគឺជាការត្រៀមខ្លួនមួយដ៏សំខាន់ សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ហើយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បាន បញ្ជាក់ថា ការប្រកួតបើកឆាកជុំទី១នេះ ការពិតគ្រោងធ្វើនៅខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប នោះទេ ដើម្បីជួយជំរុញវិស័យទេសចរណ៍ក្រោយការបើកប្រទេស ប៉ុន្តែដោយសារតែមានបញ្ហាបច្ចេកទេសខ្លះ ទើបសម្រេចធ្វើឡើងនៅខេត្តកំពង់ស្ពឺវិញ ដោយសារតែទីនោះ មានទីលានដែលអំណោយផលស្រាប់។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បាននិយាយថា សហព័ន្ធ និងថ្នាក់ដឹកនាំ ព្រមទាំងភាគីពាក់ ព័ន្ធ នៅតែបន្តសិក្សាលើផែនការកំណត់ថា ខេត្តចំនួន៣ មានសៀមរាប ព្រះសីហនុ និងខេត្តកែប មានសក្តានុពលលើវិស័យ ទេសចរណ៍ដ៏ទាក់ទាញ ព្រមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ដ៏ល្អប្រសើរ ត្រូវតាមបទដ្ឋានបច្ចេកទេស សម្រាប់ការរៀបចំ ប្រកួតកីឡាទោចក្រយានសម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែសម្រាប់ការប្រកួតក្នុងស្រុក គឺត្រូវធ្វើលើទីលានចាស់សិន ដើម្បីទុកពេលរៀបចំទីលានក្នុងខេត្តដែលកំពុងសំឡឹងមើល ក្នុងការរៀបចំអោយត្រូវតាមបទដ្ឋានស្ដង់ដារ។
គណៈកម្មការរៀបចំបានបញ្ជាក់នៅក្នុងពេលប្រកួតថាគឺជាមោទនភាព ដែលការប្រកួតទើបតែបញ្ចប់ នូវតែមើលឃើញពីការចូលរួម និងសហការពីគ្រប់ភាគីទាំងអស់ ដោយអាចនិយាយបានថា បើទោះជាមានបញ្ហាកូវីតមែន តែអ្នកមានជំនាញប្រណាំងកង់ភ្នំ នៅតែខំប្រឹងប្រែង ដូច្នេះហើយទើបគ្រាន់តែពេលបើកប្រកួតភ្លាម ក៏មានអ្នកចូលរួមយ៉ាងសស្រាក់សស្រាំតែម្ដង ដែលធ្វើអោយការប្រកួតអាចមានជម្រើសច្រើនក្នុងការស្វែងរកឃើញធនធានកីឡាករល្អៗ សម្រាប់ត្រៀមស៊ីហ្គេម។ ការប្រកួតដែលបានធ្វើឡើងនេះ ត្រូវបានបញ្ជាក់ថា មានការចូលរួមទាំងកីឡាករអាជីព និងចំណូលថ្មី ហើយកីឡាករដែលជាម្ចាស់ពានកន្លងទៅផងដែរ ដែលកាន់ធ្វើការប្រកួតមានភាពអឹកអធឹក។ ការប្រកួតនេះ ក៏ត្រូវគេឃើញហ្វេនហ្វេន Live និង បង្ហាញពីការចាប់អារម្មណ៍ផងដែរ ថ្មីដ្បិតតែការជួបជុំនៅមានសភាពរឹតត្បិតនៅឡើយ។
គណៈកម្មការប្រកួតបន្ត សម្រាប់ការប្រកួតក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ខេត្តសៀម ព្រះសីហនុ និងខេត្តកែប គឺជាមុខសញ្ញាដ៏ធំ ដោយខេត្តសៀមរាប គឺអាចជាទីលានដែលមិនអាចខ្វះបាន ដើម្បីទាក់ទាញទេសចរណ៍ផង និងដើម្បីឱ្យជនបរទេស កាន់តែស្គាល់ពីសក្កានុពលក្នុងខេត្តនោះផង ដូច្នេះហើយ ទើបហេដ្ឋារចនាសម័ន្ធនៅខេត្តសៀមរាប កាន់តែត្រូវបានជួសជុល និង ស្ថាបនា ដើម្បីអោយទាន់ពេលវេលា។
ចំណែកខេត្តព្រះសីហនុ គឺជាតំបន់ឆ្នេរសមុទ្រដ៏ទាក់ទាញ ដ៏ល្អដែលសហព័ន្ធធ្លាប់បានរៀបចំការប្រកួតកីឡាប្រណាំងកង់ ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជាម្តងរួចមកហើយ។ ខេត្តនេះមាន តំបន់មាត់សមុទ្រអម ដោយទេសភាពធម្មជាតិ ដែលជាគោល ដៅទេសចរណ៍ធ្លាប់បានទទួលលទ្ធផលប្រកបដោយភាពជោគជ័យ កាលពីដើមឆ្នាំ២០២០ កន្លងទៅនេះ ។ តែខេត្តព្រះសីហនុ ដោយយោងថា មានសក្តានុពលផ្លូវ ថ្នល់ ដែលមានការទាក់ទាញខ្លាំងក្នុងការរៀបចំការប្រកួតផង និងទាក់ទាញភ្ញៀវជាតិ-អន្តរជាតិផង ទីតាំងនេះ ក៏អាចជាជម្រើសមួយដ៏ធំ។ ជាមួយនឹងការពង្រឹងនូវសមត្ថភាពដ៏ធំនេះ មានការរំពឹងថា ការប្រណាំងកង់ភ្នំនឹងសម្រាំងបានអ្នកខ្លាំងគ្រប់គ្រាន់ ដើម្បីដណ្ដើមយកមេដាយ ខណៈដែលសហព័ន្ធនេះ ធ្លាប់អះអាងថា ធ្វើយ៉ាងណាអោយបានមេដាយមាស១ ដើម្បីបង្ហាញពីការឈានឡើងរបស់សហព័ន្ធ៕