ប៉ៃលិន ៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយមន្ទ្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យចំការដំឡូងមីរបស់ប្រជាកសិករ ដែលរងការខូចខាតដោយសារសត្វល្អិតចង្រៃស៊ីបំផ្លាញ និងចែកថ្នាំកសិកម្ម នៅភូមិអូរខ្ទីង និងភូមិអូរប្រើស ស្ថិត សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោយទទួលដំណឹង អំពីបញ្ហាសត្វល្អិតចង្រៃបានបំផ្លាញដំណាំដំឡូងមីរបស់បងប្អូនប្រជាពលរដ្ឋនៅសង្កាត់អូរតាវ៉ៅដែលមានបរិមាណច្រើនហិកតា ឯកឧត្តម និងមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត ព្រមទាំងអាជ្ញាធរមូល បានចុះពិនិត្យមើលដល់ទីតាំងចម្ការជាក់ស្តែង ហើយសង្កេតឃើញថា មានការខូចខាតហួសពីការស្មានរហូតដល់ ១៨០ហិកតា លើផ្ទៃដីដាំដុះដំឡូងសរុប ៤០០ហិកតា គ្រាន់តែក្នុងភូមិសាស្ត្រ ភូមិអូរខ្ទីង និងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅតែប៉ុណ្ណោះ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមអ្នកតំណាងរាស្ត្រ ក៍បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាជួយរកដំណោះស្រាយជូនបងប្អូនប្រជាកសិករយើងអោយបានទាន់ពេលវេលា ដោយរត្រូវផ្តល់ជាបច្ចេកទេស និងថ្នាំជីកសិកម្ម ឬថ្នាំសម្លាប់សត្វល្អិតជាដើម។
បើតាមការបញ្ជាក់របស់លោក ផាន សុផាន់ណារ៉ា ប្រធានការិយាល័យក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា៖ មូលហេតុដែលបណ្តាលឱ្យកើតមានសត្វល្អិតចង្រៃ ដូចជាសត្វចៃពីងពាង្គក្រហម និងសត្វចៃពណ៌សស៊ីបំផ្លាញដំណាំដំឡូងមីនេះ គឺបណ្តាលមកពីអាកាសធាតុក្តៅភាពរាំងស្ងួតអូសបន្លាយរយៈពេលយូរ ដូច្នេះបងប្អូនត្រូវតែប្រញ៉ាប់បាញ់ថ្នាំដើម្បីកម្ចាត់វាជាបន្ទាន់ បន្ទាប់មកយើងប្រើជី ដើម្បីបំប៉ន់ដំណាំដំឡូងមីរបស់យើងឱ្យលូតលាស់ល្អឡើងវិញ តែនោះវាអាស្រ័យលើទឹកភ្លៀងផងដែរ។
អត្ថបទ៖ លោក ញ៉ឹប បូរី