ប៉ៃលិន៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន, លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត, ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកបង្អែម ទៅចែកជូនដល់បងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក និងកងកម្លាំងសមត្ថកិច្ច ព្រមទាំងក្រុមគ្រូពេទ្យជំនាញប្រចាំការ នៅតាមមណ្ឌលធ្វើចត្តាឡីស័កក្នុងខេត្ត។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ឱ្យដឹងថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់បងប្អូនពលករដែលវិលត្រឡប់មកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ដោយឡែកបងប្អូនដែលទើបវិលត្រលប់មកពីបណ្តារាជធានីខេត្តនានា ត្រូវធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានចំនួន ១៤ថ្ងៃសិន ក្រោមការតាមដានរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ តាមការណែនាំ និងវិធានការណ៍របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជនផងដែរ ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ប្រចាំថ្ងៃ។
ក្នុងឱកាសចុះពិនិត្យ និងសួរសុខទុក្ខពលករនេះដែរ ឯកឧត្ដមនាយឧត្តមសេនីយ៍ ក៍បានមានប្រសាសន៍ណែនាំ ទៅដល់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងកំពុងតែធ្វើចត្តាឡីស័ក នាពេលនេះ សូមប្រកាន់ភ្ជាប់ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណ៍របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី «៣ការពារ ៣កុំ»។
ឯកឧត្តម អ៊ី ឈាន ក៍បានមានប្រសាសន៍ថ្លែងការកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាម មណ្ឌលចត្តាឡីស័កក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា៖ គណៈកម្មាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាប្រធាន បានឧបត្ថម្ភ ៣ពេលប្រចាំថ្ងៃ និងស្បៀងអាហារ ព្រមទាំងភេស្ជៈ និងបង្អែម ផ្សេងៗ ដល់បង ប្អូន ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌល និងតាមគេហដ្ឋានផងដែរ។
ប៉ៃលិន 17-04-2021